ចិន៖ ប្រទេសចិន បានព្រមានហ្វីលីពីនកាលពីថ្ងៃអង្គារ ទល់នឹងសកម្មភាពបង្ករឿងបន្ទាប់ពីឆ្មាំល្បាតឆ្នេរហ្វីលីពីនដករបាំងបណ្ដែតទឹករបស់ចិន ដែលបានរារាំងនាវាហ្វីលីពីន កុំឲ្យនេសាទនៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយដោយសំដៅដល់តំបន់ផ្ទាំងថ្មប៉ប្រះទឹកមានជម្លោះថា ប្រទេសចិនត្រូវបានដោះស្រាយចំពោះការការពារអធិបតេយ្យភាពនិងផលប្រយោជន៍ដែនសមុទ្រជុំវិញកោះអាយ៉ុងងីន (Huangyan) ។
អ្នកនាពាក្យរូបនេះបានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា យើងផ្ដល់ការណែនាំដល់ប្រទេសហ្វីលីពីនកុំឲ្យបង្កាត់ភ្លើងបង្កហេតុ ឬបង្កបញ្ហា។
ប្រទេសចិនបានអះអាងសិទ្ធិដែនអធិបតេយ្យភាពរបស់ខ្លួនលើសមុទ្រខាងត្បូងទាំងស្រុងរួមទាំងប្រជុំកោះប៉ារ៉ាសេល(Paracel)និងស្ព្រាតលី (Spratly) ជាការអះអាងដែលត្រួតស៊ីគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្ដាច់មុខចម្ងាយ២០០ម៉ាយ ទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ ដោយបណ្ដាប្រទេសមួយចំនួនដូចជា ប្រទេសហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី។
ភាពតានតឹងរវាងចិននិងហ្វីលីពីនបាននិងកំពុងកើនឡើងកម្ដៅខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញថា ខ្លួនកំពុងសញ្ជឹងគិតក្នុងការដាក់ពាក្យបណ្តឹងថ្មីមួយទៅតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍។ លើកនេះបណ្តឹងពាក់ព័ន្ធនឹងការប្រមូលផលផ្កាថ្ម និងការបំផ្លាញនៅក្នុងដែនទឹកមានជម្លោះដែលជាការចោទប្រកាន់សំដៅលើកនាវារបស់ចិន៕

