អាមេរិក៖ ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់ត្រូវតែចាត់វិធានការកាត់បន្ថយភាពតានតឹងនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើខ្លួន ចង់បង្កើតឱកាសសម្រាប់ការទូតជាមួយសហរដ្ឋអាមេរិក ដោយចាប់ផ្តើមតាមរយៈកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA)។
ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យលោក Matt Miller នៅក្នុងសន្និសីទមួយ គឺជាលើកទីពីរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលសហរដ្ឋអាមេរិក បានរិះគន់ប្រទេសអ៊ីរ៉ង់ចំពោះការសម្រេចចិត្តរបស់ខ្លួន ក្នុងការរារាំងក្រុមអ្នកត្រួតពិនិត្យIAEA ដែលត្រូវបានចាត់តាំងឲ្យទៅកាន់ប្រទេសនេះ ដោយរារាំងដល់ការត្រួតពិនិត្យរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់UN ទៅលើសកម្មភាពបរមាណូរបស់ទីក្រុងតេអេរ៉ង់។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចជាច្រើន បារម្ភថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាចជាការបិទបាំងសម្រាប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់បានបដិសេធថា ពុំមានមហិច្ឆតាបែបនេះទេ។
លោក Miller បាននិយាយថា៖«អ៊ីរ៉ង់ត្រូវតែចាត់វិធានការកាត់បន្ថយភាពតានតឹងនៃកម្មវិធីនុយក្លេអ៊ែរ ប្រសិនបើខ្លួនចង់កាត់បន្ថយភាពតានតឹង និងបង្កើតឱកាសសម្រាប់ការទូតនោះ»៕

