អ៊ីស្រាអែល៖ យោធារបស់ប្រទេសនេះ បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានត្រូវចំគោលដៅជាច្រើន នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមបាតុករប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នាអស់ រយៈពេល១២ថ្ងៃជាប់ៗគ្នា ទៅកាន់ព្រំដែននៃដែនដីដែលនៅឆ្ងាយនេះ ជាមួយអ៊ីស្រាអែល ដែលជាបាតុកម្មមួយ បានឈានដល់ការប៉ះទង្គិចគ្នាដ៏ហិង្សាជាមួយកងកម្លាំងសន្តិសុខអ៊ីស្រាអែល។
ពុំមានរបាយការណ៍អំពីការស្លាប់ និងរបួស នៅហ្គាហ្សាពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទេ។
កងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនបានប្រើប្រាស់យានដ្រូន ឧទ្ធម្ភាគចក្រ និងរថក្រោះ ដើម្បីវាយប្រហារទីតាំងនានា នៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលជាកម្មសិទ្ធិរបស់ពួកសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនបានពណ៌នាថាជា«កុបកម្មដ៏ហិង្សា នៅឯរបងខណ្ឌចែករវាងតំបន់ហ្គាហ្សា និងអ៊ីស្រាអែល។ ការតវ៉ានេះ មានការគប់ដុំថ្ម និងគ្រឿងផ្ទុះ ដែលប៉ាឡេស្ទីន បានដុតកង់ឡាន និងបាញ់ប្រហារលើទាហានអ៊ីស្រាអែល នេះបើយោងតាមយោធាអ៊ីស្រាអែល។
មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល បានបាញ់ និងធ្វើឲ្យបាតុករ១១ នាក់រងរបួស ក្នុងអំឡុងពេលនៃការប្រមូលផ្តុំគ្នា កាលពីថ្ងៃអង្គារ៕


