ឥណ្ឌា៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយកាលពីថ្ងៃអង្គារ (២៦ កញ្ញា) ថា ឥណ្ឌាបានប្រាប់កាណាដាថា ខ្លួនបើកចំហក្នុងការពិនិត្យមើលព័ត៌មានជាក់លាក់ណាមួយ ដែលខ្លួនផ្តល់ឲ្យ អំពីការសម្លាប់មេដឹកនាំបំបែកខ្លួនសាសនាស៊ីក លោក ហាឌីប ស៊ីញ នីចា ( Hardeep Singh Nijjar)។
ដោយថ្លែងនៅក្នុងព្រឹត្តិការណ៍ក្រុមប្រឹក្សាទំនាក់ទំនងការបរទេស លោក Jaishankar បាននិយាយថា ឥណ្ឌាបានប្រាប់កាណាដាថា «នេះមិនមែនជាគោលនយោបាយនៃរដ្ឋាភិបាលរបស់ឥណ្ឌាទេ» បន្ទាប់ពីនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយកាលពីសប្តាហ៍មុនថា កាណាដាកំពុងបន្តស៊ើបអង្កេតលើ «ការចោទប្រកាន់ដែលអាចជឿទុកចិត្តបាន» ដែលថាភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាអាចជាប់ពាក់ព័ន្ធនឹងការសម្លាប់នោះ។
ភាពតានតឹងរវាងប្រទេសឥណ្ដា និងកាណាដា បានរីកកាន់តែធំ បន្ទាប់ពីលោក Trudeau និយាយថាមានការចោទប្រកាន់ដែលអាចទុកចិត្តបាន ពីការជាប់ពាក់ព័ន្ធទៅនឹងក្រុមទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ចំពោះឃាតកម្មរបស់មេដឹកនាំផ្ដាច់ខ្លួនកាន់សាសនាស៊ីក (Sikh) លោកហាឌីប ស៊ីញ នីចា ក្នុងទីក្រុង វ៉ាន់កូវ៉ើ (Vancouver) ប្រទេសកាណាដា ដោយរុញឲ្យមានការផ្ទុះកំហឹងពីប្រទេសឥណ្ដា ដែលតែងតែច្រានចោលការចោទប្រកាន់នេះរហូតមក។
លោក នីចា ដែលត្រូវបានបាញ់សម្លាប់នៅខាងក្រៅព្រះវិហារសាសនាស៊ីក កាលពីខែឧសភា បានធ្វើយុទ្ធនាការសម្រាប់ការបង្កើតស្រុកកំណើតឯករាជ្យរបស់សាសនាស៊ីក មួយឈ្មោះថា ខាលីស្តាន(Khalistan) ដោយប្រទេសឥណ្ឌាក៏បានចាត់ទុករូបលោកជាភេរវករផងដែរ៕


