ចិន៖ រដ្ឋាភិបាលចិនបាននិយាយកាលពីថ្ងៃពុធថា សមយុទ្ធជាបន្តបន្ទាប់របស់ចិន កាលពីពេលថ្មីៗនេះ ក្បែរកោះតៃវ៉ាន់ មានគោលបំណង កាច់បំបាក់ភាពក្រអឺតក្រទមរបស់ក្រុមផ្ដាច់ខ្លួន បន្ទាប់ពីទីក្រុងតៃប៉ិ រាយការណ៍ពីការកើនឡើងសកម្មភាពយោធាក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះរួមទាំងសមយុទ្ធនៅលើដី ដែលកោះនេះកំពុងរងការប្រឈម។
កោះតៃវ៉ាន់បាននិយាយ នៅខែនេះថា ខ្លួនបានតាមដានយន្តហោះចម្បាំង យានដ្រូន យន្តហោះគ្រាប់បែកនិងយន្តហោះផ្សេងទៀតជាច្រើន ព្រមទាំងនាវាចម្បាំង និងនាវាផ្ទុកយន្តហោះសានទុងរបស់ចិន ធ្វើប្រតិបត្តិការនៅក្បែរកោះនេះ។
អាជ្ញាធរការពារជាតិរបស់កោះនេះបាននិយាយកាលពីចុងសប្ដាហ៍មុនថា ភាពញឹកញាប់នៃសកម្មភាពយោធាដែលចេះតែកើនឡើងរបស់ចិន បានបង្កើនហានិភ័យនៃព្រឹត្តិការណ៍ដែលអាចគ្រប់គ្រងលែងបាន ហើយឧបទ្ទវហេតុក៏ចេះតែកើនឡើងផងដែរ ។
ពេលត្រូវបានសួរនៅសន្និសីទសារព័ត៌មានប្រចាំថ្ងៃក្នុងទីក្រុងប៉េកាំងអំពីការកើនឡើងសកម្មភាពសមយុទ្ធរបស់ចិន និងក្ដីបារម្ភរបស់កោះតៃវ៉ាន់ អំពីហានិភ័យបដែលចេះតែកើនឡើង អ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ របស់ប្រទេសចិន លោកស្រី ជូ ហ្វឹងលាន (Zhu Fenglian)បាននិយាយថា ទាហានរំដោះប្រជាជនចិន បានធ្វើសមយុទ្ធជាបន្តបន្ទាប់។
លោកស្រី បញ្ជាក់ថា គោលបំណងគឺដើម្បីបំបាក់ភាពក្រអឺតក្រទម របស់កងកម្លាំងផ្ដាច់ខ្លួនចង់ឯករាជ្យកោះតៃវ៉ាន់ និងសកម្មភាពរបស់ពួកគេដែលកំពុងព្យាយាមស្វែងរកឯករាជ្យ៕

