ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាគ្នាក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករនៅកម្ពុជា និងការងារមួយចំនួនពាក់ព័ន្ធផ្សេងទៀត។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍រាល់កម្មវិធីវិនិយោគ និងគម្រោងអភិវឌ្ឍន៍ដែលផ្តល់ប្រយោជន៍ និងលើកកម្ពស់ជីវភាពប្រជាកសិករឱ្យមានភាពប្រសើរឡើង និងដើម្បីកម្ពុជាសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។
ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ថា ការងារមន្ទីរពិសោធន៍ជាតិ គឺជាផ្នែកចាំបាច់មួយក្នុងការត្រួតពិនិត្យផលិតផលកសិកម្ម ដើម្បីធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងនូវជំងឺឆ្លងផ្សេងៗ។ វាមានសារសំខាន់ និងជាជំហានដែលត្រូវចាប់ផ្តើម ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ អគារពិសោធន៍ ដែលតម្រូវឱ្យមានការគៀងគរលទ្ធភាព ដើម្បីសម្រេចការងារនេះ ហើយក្រសួងស្វាគមន៍នូវរាល់ដៃគូរអភិវឌ្ឍន៍ដែលចង់ចូលរួមលើការកសាងអគារនេះ។
ចំពោះគម្រោង One Health ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការពិនិត្យ និងយកចិត្តទុកដាក់លើច្បាប់គោលនយោបាយ និងគោលការណ៍ណែនាំនានាឱ្យបានច្បាស់លាស់ ត្រូវមានភាពម្ចាស់ការ ព្រមទាំងសិក្សាពីតម្រូវការក្រុមគោលដៅ ដើម្បីប្រើប្រាស់ថវិកាឱ្យចំទិសដៅ មានប្រសិទ្ធភាពការងារ និងផ្ដល់ផលប្រយោជន៍ពិតដល់កសិករ បង្កើនចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។
តាមក្រសួងកសិកម្ម ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការចូលរួម និងសហការគ្នាល្អ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីការងារសម្រេចបានជោគជ័យល្អប្រសើរ៕





