ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការសម្រួចយុទ្ធសាស្រ្តឈានឆ្ពោះទៅឆាកអន្តរជាតិ គឺជាទិសដៅចម្បង ដែលអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តត្រូវតែធ្វើឱ្យខានតែបានក្នុងពេលឆាប់ៗនេះ ដោយមានថ្នាក់ដឹកនាំជំនាញរបស់ក្រសួងរង់ចាំត្រួតពិនិត្យ និងតម្រង់ទិសលើយុទ្ធសាស្រ្តគោលទាំងនោះ។
ការថ្លែងនេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តនា នាព្រឹកថ្ងៃទី២៧ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតនៅទីស្តីការក្រសួង ។
នៅក្នុងឱកាសនោះឯកឧត្តមបានបន្តថា ក្រសួងត្រូវរៀចំផែនការសកម្មភាពផ្ទៃក្នុង ពិនិត្យផែនការសកម្មភាពខាងក្រៅ និងទាញយកឱកាសសម្រាប់កម្ពុជាឈានឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព ដោយផ្អែកលើសម្មតភាពកម្ពុជា ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងបរិស្ថាន។ ក្រសួងផ្ទាល់មានធនធានមនុស្សជំនាញៗ ដែលមានសមត្ថភាពខ្ពស់ ដែលអាចធ្វើកិច្ចការបរិស្ថាននៅលើឆាកអន្តរជាតិ បង្ហាញស្នាដៃ កៀរគរថវិកាពីគម្រោងនានា ដោយមិនឱ្យបាត់បង់នៅឯករាជ្យភាព អធិបតីភាព និងភាពជាម្ចាស់ឡើយ ។
ថ្លែងផ្តាំផ្ញើនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញដល់នាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ត្រូវចេះបំបែកនូវផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ហើយដាក់ចេញនូវផែនការសកម្មភាព ដែលឆ្លើយតបនឹងរដ្ឋាភិបាលផង និងឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋផង ។
គួរបញ្ជាក់ដែរថា ពីធីជួបសំណេះសំណាលខាងលើ ធ្វើឡើងដើម្បីកសាងចំណងទាក់ទងជិតស្និតរវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទ ដើម្បីសិក្សាស្វែងយល់ពីសមិទ្ធផលការងារ កន្លងមក និងផែនការយុទ្ធសាស្រ្តតាមនាយកដ្ឋាននិមួយៗ ដែលស្ថិតក្រោមចំណុះរបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ដើម្បីរុញនាវាបរិស្ថានកម្ពុជាឱ្យសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច៕ អត្ថបទ៖ទូច សោភ័ណ