ខណៈពេលវេលាផុតកំណត់ជិតមកដល់ដែលអាចបង្ខំឱ្យផ្នែកដ៏ធំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បិទទ្វារសភា និងព្រឹទ្ធសភា ហាក់ដូចជាស្ថិតឆ្ងាយក្នុងការតតាំងគ្នាលើការចំណាយដែលមានហានិភ័យខ្ពស់។

ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy កំពុងព្យាយាមទប់ស្កាត់ការបះបោរដោយសមាជិកប្រកាន់តឹងរ៉ឹងនៃក្រុមផ្ទាល់របស់លោក ដែលបានអំពាវនាវដល់ប្រធានាធិបតីលោក Joe Biden ឲ្យព្រមព្រៀងលើការរឹតបន្តឹងព្រំដែនកាន់តែតឹងរ៉ឹង ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល ជាសំណើមិនទំនងជាអាចដោះស្រាយបាននោះទេនូវភាពជាប់គាំងជុំវិញការផ្តល់មូលនិធិរបស់រដ្ឋាភិបាល។
នៅក្នុងព្រឹទ្ធសភា មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក Chuck Schumer បាននិយាយថា សមាជិកព្រឹទ្ធសភាមួយក្រុម ជិតឈានដល់ការប្រកាសបណ្តោះអាសន្នច្បាប់ផ្តល់មូលនិធិ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលនៅថ្ងៃទី ១ ខែតុលា ហើយលោកបានរិះគន់ផែនការរបស់លោក McCarthy ក្នុងការជំរុញឆ្ពោះទៅមុខជាមួយនឹងសេចក្តីស្នើច្បាប់លើការចំណាយពេញមួយឆ្នាំចំនួន៤ ដែលឆ្លុះបញ្ចាំងពីអាទិភាពបែបអភិរក្សនិយម ហើយពុំមានឱកាសក្លាយជាច្បាប់នោះទេ។ សមាជិកសភាគណបក្សសាធារណរដ្ឋដ៏រឹងរុះ បានសម្តែងការប្រឆាំងចំពោះសេចក្តីស្នើច្បាប់របស់ព្រឹទ្ធសភា។
ទន្ទឹមនឹងនេះលោក McCarthy រៀបចំជាស្រេចសេចក្តីស្នើច្បាប់ចំណាយបណ្តោះអាសន្ន ដែលនឹងចាប់ផ្តើមឡើងវិញការសាងសង់ជញ្ជាំងព្រំដែនអាមេរិក និងម៉ិកស៊ិក ជាគោលនយោបាយហត្ថលេខារបស់អតីតប្រធានាធិបតីលោក Donald Trump និងរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍ ដែលប្រាកដថានឹងត្រូវច្រានចោលដោយលោក Biden និងព្រឹទ្ធសភា។
ប្រសិនបើភាគីទាំងពីរ មិនបានឈានដល់កិច្ចព្រមព្រៀងមួយ បុគ្គលិកសហព័ន្ធរាប់សែននាក់នឹងត្រូវបានបញ្ឈប់ពីការងារ ហើយសេវាកម្មជាច្រើនចាប់ពីការចេញផ្សាយទិន្នន័យសេដ្ឋកិច្ច រហូតដល់អត្ថប្រយោជន៍អាហារូបត្ថម្ភ នឹងត្រូវបានផ្អាកចាប់ពីថ្ងៃអាទិត្យខាងមុខនេះ។
