យោងតាមនិយតកររុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្សី កំពុងពិចារណាការចូលរួមជាមួយប្រទេសចិនក្នុងការហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុន បន្ទាប់ពីប្រទេសជប៉ុនបានបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលត្រូវបានបំផ្លាញ ចូលទៅក្នុងសមុទ្រ ហើយកំពុងស្វែងរកការពិភាក្សាជាមួយប្រទេសជប៉ុនលើបញ្ហានេះ ។

ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់ពីរោងចក្រនេះចូលទៅក្នុងមហាសមុទ្រកាលពីខែមុន ដោយធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន។ ជាការសងសឹក ប្រទេសចិន បានដាក់បម្រាមលើការនាំចូលផ្នែកជលផលទាំងអស់ពីប្រទេសជប៉ុន។
អង្គការឃ្លាំមើលសុវត្ថិភាពចំណីអាហាររុស្ស៊ី រ៉ូសែលខូសស្នាស័រ(Rosselkhoznadzor) កាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនបានពិភាក្សាអំពីការនាំចេញអាហារជប៉ុនជាមួយសមភាគីចិន។ ប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ផលិតផលសមុទ្រដ៏ធំបំផុតមួយទៅកាន់ប្រទេសចិន ហើយកំពុងស្វែងរកការបង្កើនចំណែកទីផ្សាររបស់ខ្លួន។
អង្គការ Rosselkhoznadzor បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ដោយគិតពីហានិភ័យដែលអាចកើតមាននៃការបំពុលដោយសារធាតុវិទ្យុសកម្មនៃផលិតផលនេះ អង្គការRosselkhoznadzor កំពុងពិចារណាពីលទ្ធភាពនៃការចូលរួមជាមួយវិធានការរឹតត្បិតរបស់ប្រទេសចិនលើការផ្គត់ផ្គង់ផលិតផលត្រីពីប្រទេសជប៉ុន»។ ការសម្រេចចិត្តចុងក្រោយ នឹងត្រូវបានធ្វើឡើងបន្ទាប់ពីការចរចាជាមួយភាគីជប៉ុន។ និយតករបាននិយាយថា រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ រុស្ស៊ីបាននាំចូលអាហារសមុទ្រជប៉ុនចំនួន ១១៨ តោន។
