ចំហេះព្រៃដែលមិនធ្លាប់មានពីមុនមក និងមិនចេះចប់ នៅខេត្តប្រ៊ីដធីស កូឡំប៊ី ខេត្តអាល់ប៊ឺតតា និងដែនដីភាគពាយ័ព្យ របស់ប្រទេសកាណាដា បណ្ដាលឲ្យមានបរិមាណផ្សែងដ៏ច្រើនលើសលប់ ហុយចេញពាសពេញប្រទេសកាណាដា ហើយបានហុយទៅដល់តំបន់ហ្គ្រីនឡែន របស់ដាណឺម៉ាកផងដែរ។

ខ្យល់លើសកម្រិតនៃផ្ទៃបរិយាកាសខាងលើ បានបណ្ដាលឲ្យមានផ្សែងហុយនៅជុំវិញជួរភ្នំសម្ពាធខ្ពស់ដែលស្ថិតនៅជិតឈូងសមុទ្រ Hudson ហើយផ្សែងនោះបានចុះមកពាសពេញលើខេត្ត ញ៉ូវហ្វោនឡែន (Newfoundland) កាលពីថ្ងៃអង្គារ (២៦ កញ្ញា) ផងដែរ។
ផ្សែងដ៏ខ្មួលខ្មាញ់ពីចំហេះព្រៃដែលគួរឱ្យភ្ញាក់ផ្អើលបំផុត បានកើតឡើងកាលពីថ្ងៃចន្ទលើផ្ទៃមេឃក្នុងទីក្រុងនូក (Nuuk) ដែលជារដ្ឋធានីរបស់តំបន់ហ្គ្រីនឡែន ដោយនាំមកនូវទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលដល់ទីក្រុង ហើយផ្សែងដ៏ក្រាស់នៅតែបន្តស្ថិតនៅពីលើទីក្រុងមួយនេះដូចជាពពក។
នៅឆ្នាំនេះ ប្រទេសកាណាដាបានកត់ត្រាទំហំផ្ទៃដី ដែលបានឆេះប្រហែល១៨លានហិចតា និងអគ្គិភ័យជាង៦.០០០ករណី នៅខេត្តប្រ៊ីដធីស កូឡំប៊ី ខេត្តអាល់ប៊ឺតតា ព្រមទាំងដែនដីភាគពាយ័ព្យ ដោយមានផ្ទៃដីសរុបជាង៩លានហិចតា ត្រូវបានដុតបំផ្លាញផងដែរ៕
