អ្នកស្រុកនៅក្នុងទីក្រុង អ៊ីមផាល់ (Imphal) នៃរដ្ឋម៉ានីពួរ ប្រទេសឥណ្ឌា បានធ្វើបាតុកម្មកាលពីថ្ងៃអង្គារ (២៦ កញ្ញា) រយៈពេលមួយថ្ងៃបន្ទាប់ពីរូបថតរបស់សិស្សពីរនាក់ដែលបានបាត់ខ្លួន បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

រូបថតនៃសាកសពរបស់សិស្សទាំងនោះដេកនៅក្នុងព្រៃមួយ បានលេចឡើងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទ បន្ទាប់មកនិស្សិតរាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីនៃរដ្ឋម៉ានីពួរ ដើម្បីតវ៉ានឹងការសម្លាប់នេះ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា បុគ្គលិកសន្តិសុខបានប្រើប្រាស់ដំបង និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ដែលបណ្តាលឱ្យបាតុករជាច្រើននាក់រងរបួសផងដែរ។
កាលពីដើមខែនេះ កងកម្លាំងសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់បំបែកហ្វូងមនុស្សប្រមាណ៥០០នាក់ នៅក្នុងរដ្ឋដ៏តានតឹងរបស់ប្រទេសឥណ្ឌាមួយនេះ ដែលបានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យមនុស្ស២០នាក់ទៀតរងរបួសផងដែរ។
រដ្ឋម៉ានីពួរ ត្រូវបានរង្គោះរង្កើដោយអំពើហឹង្សាជនជាតិភាគតិច ចាប់តាំងពីខែឧសភាមក ហើយយ៉ាងហោចណាស់មនុស្ស១៨០នាក់ ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ទៀតត្រូវបានផ្លាស់ទីលំនៅ ចាប់តាំងពីសហគមន៍ជនជាតិភាគតិចម៉ីតី និងជនជាតិគូគី បានចាប់ផ្តើមប្រយុទ្ធគ្នាជុំវិញការចែករំលែកផលប្រយោជន៍សេដ្ឋកិច្ច និងបញ្ហាជាច្រើនផ្សេងទៀតផងដែរ៕
