ជនជាតិអាមេនីជិត៣០.០០០នាក់ បានភៀសខ្លួនចេញពីទីក្រុងណាហ្គ័រណូ-ការ៉ាបាក់ ទៅកាន់ប្រទេសអាមេនី ពោលគឺមួយភាគបួននៃចំនួនប្រជាជនសរុប ក្នុងតំបន់ដែលអាស៊ែបៃហ្សង់ ដណ្តើមបានកាលពីសប្តាហ៍មុនមួយនេះ។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានលើកឡើងពីការព្រួយបារម្ភកាលពីថ្ងៃអង្គារ (២៦ កញ្ញា) ជុំវិញបម្លាស់ទីជនស៊ីវិលមួយចំនួនធំទៅកាន់ប្រទេសអាមេនី ដែលជាលទ្ធផលនៃអរិភាពក្នុងតំបន់នាពេលថ្មីៗនេះ។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះបាននិយាយថា ជនភៀសខ្លួនប្រហែល១៩.០០០នាក់ ត្រូវបានគេរាយការណ៍ថាបានចាកចេញពីតំបន់សេដ្ឋកិច្ចការ៉ាបាក់ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ រួមទាំងមនុស្សចាស់ ស្ត្រី និងកុមារជាច្រើនផងដែរ។
អ្នកនាំពាក្យទីភ្នាក់ងារ UNHCR លោកស្រី សាប៊ីយ៉ា ម៉ានតូ (Shabia Mantoo) បានអំពាវនាវឱ្យភាគីទាំងអស់ការពារជនស៊ីវិល និងគោរពយ៉ាងពេញលេញនូវច្បាប់ស្តីពីជនភៀសខ្លួនមនុស្សធម៌អន្តរជាតិ ដែលអនុញ្ញាតឱ្យអ្នកទាំងនោះឆ្លងកាត់ដោយសុវត្ថិភាព។ ភាគីទាំងអស់ត្រូវតែធានាសុវត្ថិភាព សន្តិសុខ និងសិទ្ធិមនុស្សសម្រាប់ពួកគេ ហើយគ្មាននរណាម្នាក់គួរត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីស្រុកកំណើតរបស់ពួកគេឡើយ។

ជម្លោះរវាងអាមេនី និងអាស៊ែបៃហ្សង់ ជុំវិញតំបន់ការ៉ាបាក់នេះ បានបន្តអូសបន្លាយជាងបីទសវត្សរ៍មកហើយ ប៉ុន្តែការផ្ទុះឡើងនៃការប្រយុទ្ធគ្នាកាលពីសប្តាហ៍មុន បណ្ដាលឱ្យជនជាតិអាមេនីរាប់ពាន់នាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួន ដោយនិយាយថា ពួកគេខ្លាចថា អាចនឹងមានការបោសសម្អាតជនជាតិភាគតិចកើតឡើងនៅតំបន់នេះ៕