ក្រុមអ្នកនេសាទហ្វីលីពីន នៅទីក្រុងឆ្នេរសមុទ្រ Zambales បានសម្តែងការខកចិត្ត បន្ទាប់ពីឆ្មាំល្បាតឆ្នេររបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) បានដាក់របាំងការពារដ៏វែងនៅជិតច្រកសមុទ្រ Scarborough ដែលជាតំបន់ផ្ទាំងថ្មប៉ប្រះទឹក មានចម្ងាយ២០០គីឡូម៉ែត្រ ពីប្រទេសហ្វីលីពីន។

អ្នកបើកទូកម្នាក់ឈ្មោះ Samuel Geruela បាននិយាយថា «នៅពេលដែលខ្ញុំបានឃើញអ្វីដែលពួកគេបានធ្វើនៅក្នុងរបាយការណ៍ វាពិតជាគ្រោះថ្នាក់ណាស់។ ពួកគេបានប្រើខ្សែពួរ និងច្រវាក់ក្រាស់ៗចងជាប់នឹងពោងបណ្ដែតទឹកទាំងនោះ ប្រសិនបើទូកតូចៗបើកចូលទៅក្នុងនោះ វាអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ខ្ញុំគិតថាគួរតែមានកិច្ចព្រមព្រៀងរវាងហ្វីលីពីន និងចិនជុំវិញបញ្ហានេះ។"
ទោះបីជាតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នៅទីក្រុងឡាអេ មិនបានកាត់ក្តីលើអធិបតេយ្យភាពរបស់ចិនលើតំបន់ថ្មប៉ប្រះទឹក ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយជាង៣០០គីឡូម៉ែត្រក្នុងប្រទេសហ្វីលីពីននេះក៏ដោយ ក៏ខ្លួនបាននិយាយថា តំបន់នេះគឺជាកន្លែងនេសាទប្រពៃណីសម្រាប់ប្រទេសមួយចំនួន ហើយទង្វើបិទផ្លូវពីមុនរបស់ចិននៅក្នុងតំបន់សមុទ្រនេះ គឺរឿងខុសច្បាប់៕
