ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនបរទេសម្នាក់ពាក់ព័ន្ធករណីទិញពេស្យាចាលើកុមារ។
ប្រតិបត្តិការនេះ បានធ្វើឡើង នៅថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៣ ស្ថិតនៅបុរីរុងរឿង តាមបណ្ដោយផ្លូវរុងរឿង ភូមិគោកឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជោយចង្វារ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការដឹកនាំបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ និងសម្របសម្រួល ដោយលោក ស៊ិត វណ្ណះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោកវរសេនីយ៍ទោ ហាក់ លី ប្រធានការិយាល័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍កម្លាំងជំនាញបានធ្វើការងារស្រាវជ្រាវភ្លាមពាក់ព័ន្ធ នឹងករណីជនបរទេសជនជាតិស្វីស បានធ្វើការទិញពេស្យាចា លើកុមារចំនួន០៣នាក់។ ដូច្នេះកម្លាំងធ្វើការស៊ើបអង្កេតច្បាស់ការរហូតឈានដល់ការឃាត់ខ្លួនជនបរទេសរូបនេះតែម្ដង។ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានរំដោះកុមាររងគ្រោះចំនួន៣នាក់។
ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ក្នុងការទិញលក់ពេស្យាចា លើកុមារនេះគឺម្ដាយជនរងគ្រោះផ្ទាល់តែម្ដង បានលក់ពេស្យាចាកុមារទៅឲ្យជនបរទេសរូបនេះតម្លៃក្នុងមួយខែ ១៥០ ដុល្លារ។ដោយក្នុងមួយសប្តាហ៍យកកុមារនោះទៅជួបជនបរទេស បីដងទៅបួនដង ហើយជនបរទេសរូបនោះក៏បានទិញសម្ភាៈប្រើប្រាស់បន្តិចបន្តួចឲ្យម្ដាយ របស់កុមាររងគ្រោះបន្ថែមទៀតផងដែរ។
ក្រោយប្រតិបត្តិការកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនបរទេសនេះ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកកុមាររងគ្រោះត្រូវបានកម្លាំងនគរបាលបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕ អត្ថបទ៖ កុម្ភៈ





