ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈជំនួបជាមួយឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ចំពោះបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងបានរៀបចំកែសម្រួលសមាសភាពនៃគណៈកម្មការ POW/MIA ក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួនឱ្យបានរហ័សទាន់ពេល និងជោគជ័យប្រកបដោយកាយវិការនៃការគោរព និងស្រឡាញ់ ចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានបាត់ខ្លួន ។
ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សា និង បន្តកិច្ចប្រតិបត្តិការ នៅក្នុងវិស័យផ្សេងទៀត ដែលប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់បំផុត។
ជាកិច្ចបញ្ចប់ សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក ។ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងបន្តនូវកិច្ចសហប្រតិបត្តិជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ៕




