ភ្នំពេញ៖ ជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (US AID) ដល់ប្រទេសកម្ពុជា នឹងត្រូវយកទៅប្រើប្រាស់លើការងារអាទិភាពចំនួន ៤ គឺ វិស័យសុខាភិបាល បរិស្ថាន ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាព និងការប្រយុទ្ធប្រឆាំងជំងឺរបេងនៅកម្ពុជា។
នេះបើតាមការបញ្ជាក់ក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (US AID) ដល់ប្រទេសកម្ពុជា។
សម្ដេចធិបតីបញ្ជាក់ថា ប្រាក់ជំនួយដែលត្រូវបានផ្តល់ជូនឡើងវិញនេះ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗ ដូចជា៖ (១) ការកែលម្អការផ្ដល់សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន (២) ការការពារបរិស្ថានប្រកបដោយចិរភាព (៣) ការការពារ និងការប្រយុទ្ធនឹងជំងឺរបេង និង (៥) ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជាជាដើម៕

