កីឡាករចំនូលថ្មីវ័យ ១៨ ឆ្នាំទួកគីរបស់ Real Madrid, Arda Guler បានទទួលរងរបួសភ្លៅមួយទៀត នេះបើតាមការបញ្ជាក់របស់ Real Madrid ដែលធ្វើឱ្យការបង្ហាញខ្លួនដំបូងឱ្យក្លិបត្រូវពន្យាពេលបន្ថែមទៀត។
កីឡាករវ័យ ១៨ ឆ្នាំរូបនេះបានត្រលប់ពីការប្រកួតមិត្តភាព Pre-Season នៅអាមេរិកមុនគេដោយសារបញ្ហាជង្គង់ ដែលត្រូវបានវះកាត់ជោគជ័យកាលពីខែសីហា។

Guler ក៏បានវិលត្រលប់មកធ្វើការហ្វឹកហាត់វិញចុងសប្តាហ៍កន្លងទៅ តែក៏មានរបួសផ្សេងមួយទៀត បង្អាក់ការបង្ហាញខ្លួនដំបូងទល់នឹង Las Palmas យប់ថ្ងៃពុធនេះ។
Real Madrid មិនបានបញ្ជាក់ពេលវេលានៃការវិលត្រលប់ពីរបួសរបស់ Arda Guler ឡើយ តែសារព័ត៌មាននៅអេស្ប៉ាញថា នឹងត្រូវសម្រាកប្រហែលបីសប្តាហ៍។

របួសរបស់ Arda Guler ជាបញ្ហាបន្ថែមទៀតសម្រាប់ Real Madrid ដែលកំពុងមានកីឡាកររបួសមួយចំនួនរួមមាន Dani Carvajal, Vinicius Junior មានរបួសភ្លៅ ខណៈអ្នកចាំទី Thibaut Courtios និង Eder Militao មានរបួសដែលត្រូវសម្រាកពេញមួយរដូវកាល។
Real Madrid កំពុងឈរលេខ ៣ នៅ La Liga រដូវកាលនេះក្រោយលេងបាន ៦ ប្រកួតឈ្នះ ៥ ចាញ់ ១ ខណៈថ្ងៃសៅរ៍នេះនឹងត្រូវធ្វើដំណើរទៅទឹកដីក្រុមលេខ ២ Girona៕ អត្ថបទ៖នាង សុភាវុធ
