រយៈពេលពីរថ្ងៃ បន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា បេសកជនរបស់លោកនៅក្នុងប្រទេសនីហ្សេ នឹងត្រលប់មកបារាំងវិញក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីបារាំងបានសម្រេចដកកងទ័ពរបស់ខ្លួនចេញពីប្រទេសនេះ ប៉ុន្តែទីតាំងរបស់ឯកអគ្គរដ្ឋទូតបារាំង លោក Sylvain Itte ដែលកំពុងស្ថិតនៅ គឺមិនច្បាស់លាស់ឡើយ ដែលហាក់ដូចជាមិនមានសញ្ញានៃការចាកចេញរបស់បេសកជនបារាំងរូបនេះនោះទេ។

ក្នុងពេលភ្លាមៗកាលពីថ្ងៃអាទិត្យ លោក Macron បាននិយាយថា កងទ័ពប្រឆាំងភេរវកម្មចំនួន១.៥០០នាក់របស់បារាំង នឹងដកខ្លួនចេញពីអតីតអាណានិគមរបស់ខ្លួនមួយនេះ បន្ទាប់ពីការប្រឈមមុខដាក់គ្នាអស់រយៈពេលពីរខែ ចាប់តាំងពីរដ្ឋប្រហារយោធា ដែលបានផ្តួលរំលំលោកប្រធានាធិបតី Mohamed Bazoum មក។
ក្រុមកងទ័ពដែលបានដណ្តើមអំណាចនៅរដ្ឋធានីនីញ៉ាម៉េ បានលុបចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា ក៏ដូចជាអភ័យឯកសិទ្ធិការទូតរបស់ឯកអគ្គរដ្ឋទូតបារាំង ហើយខ្លួនក៏បានទាមទារឱ្យឯកអគ្គរដ្ឋទូតរូបនោះចាកចេញពីប្រទេសនីហ្សេ កាលពីជិតមួយខែមុនផងដែរ។
លោក Macron បាននិយាយថា លោកចង់ដកខ្លួនចេញដោយសន្តិភាព។ អ្នកនាំពាក្យរបស់របបសឹកបាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការដកបេសកជន និងការដកទ័ពនេះ គួរតែធ្វើឡើងក្នុងក្របខណ្ឌការចរចា និងដោយមានកិច្ចព្រមព្រៀងរួមមួយ។ ប៉ុន្តែប្រភពការទូតបារាំងបាននិយាយថា ពួកគេជឿថាក្រុមមេដឹកនាំកុម្មុយនិស្តទាំងនោះ កំពុងប្រើប្រាស់ឯកអគ្គរដ្ឋទូត និងក្រុមរបស់លោក ជាមធ្យោបាយមួយដើម្បីបង្កភាពអាម៉ាស់ជាអតិបរមាលើទីក្រុងប៉ារីស៕

