មេធាវីរបស់លោក និងគណបក្សរបស់លោកនិយាយកាលពីថ្ងៃអង្គារថា អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារថ្មី ដែលមានស្ថានភាពល្អប្រសើរជាងនេះ នៅជិតរដ្ឋធានីជាតិ អ៊ីស្លាម៉ាបាដ ក្រោយការបញ្ជារបស់តុលាការ ។

ក្រុមអ្នកគាំទ្ររាប់សិបនាក់ បានជួបជុំគ្នានៅក្រៅពន្ធនាគារ Adyala បាចស្លឹកផ្កាកុលាប និងនាំគ្នាស្រែក ពេលដែលក្បួនរថយន្តក្រុមនគរបាល និងរថពាសដែក ធ្វើដំណើរមកដល់ ។
គួរឲ្យដឹងថា លោក Khan ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារកាលពីខែសីហាកន្លងទៅ ពាក់ព័ន្ធនឹងករណីពុករលួយ ។ តុលាការបានផ្អាកការជាប់ពន្ធនាគាររបស់លោករយៈពេលច្រើនសប្តាហ៍ ប៉ុន្តែការបញ្ជាលើកមុនឲ្យឃុំឃាំងរូបលោក ក្នុងករណីពាក់ព័ន្ធនឹងបទចោទប្រកាន់បែកធ្លាយការសម្ងាត់រដ្ឋ បានរារាំងការដោះលែងរូបលោក ។

ក្រុមមេធាវី និងគណបក្សរបស់លោក បានអង្វរឲ្យតុលាការ ចេញបទបញ្ជាផ្ទេររូបលោក Khan ទៅកាន់ពន្ធនាគារ Adyala ស្ថិតនៅទីក្រុង Rawalpindi ដោយពួកគេនិយាយថា វាស័ក្តិសមជាងសម្រាប់អតីតនាយករដ្ឋមន្រ្តីរូបនេះ ។
លោក Khan ត្រូវបានគេឃុំឃាំងនៅក្នុងពន្ធនាគារសល់ពីសម័យអាណានិគម ស្ថិតនៅសង្កាត់ភាគពាយ័ព្យ Attock ដែលខ្វះខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជាបន្ទាប់ទឹកផ្ទាល់ខ្លួន និងទូរទស្សន៍ ហើយនិងធ្វើឲ្យក្រុមគ្រួសារ និងមិត្តភក្តិពិបាកទៅសួរសុខទុក្ខរូបលោក ឬផ្ញើកាសែត សៀវភៅ និងចំណីអាហារដល់រូបលោក ៕