កាលពីថ្ងៃអង្គារម្សិលមិញ សហរដ្ឋអាមេរិក បានថ្កោលទោសការវាយប្រហារដោយយានដ្រូនរបស់ក្រុមឧទ្ទាមហ៊ូធីកាលពីថ្ងៃទី ២៥ ខែកញ្ញា ដែលបានសម្លាប់កងកម្លាំងបារ៉ែនចំនួន ២នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បនរងរបួសនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជិតព្រំដែនជាមួយយេម៉ែន ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក Matthew Miller និយាយថា ក្រុមមន្រ្តីសហរដ្ឋអាមេរិក បានទាក់ទងជាមួយសមភាគីបារ៉ែន ហើយនិងបញ្ជាក់ឡើងវិញការគាំទ្រសម្រាប់រាជាណាចក្រមួយនេះ ។
លោក Miller បានអំពាវនាវឲ្យមានកិច្ចព្រមព្រៀងនៅក្នុងចំណោមភាគីពាក់ព័ន្ធ ដោយលោកបញ្ជាក់ថា មានតែកិច្ចព្រមព្រៀងរវាងយេម៉ែនទេ ទើបអាចដោះស្រាយជម្លោះមួយនេះបាន ។
លោក Millerនិយាយថា ពួកយើងបានធ្វើការដោយឥតមានការនឿយហត់ជាមួយដៃគូរបស់ពួកយើង ដើម្បីបន្ធូរបន្ថយស្ថានការ ដើម្បីស្វែងរកបទឈប់បាញ់ និងជំរុញឲ្យភាគីទាំង ២ឆ្ពោះទៅរកសន្តិភាព ។
លោកបន្តថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានពិភាក្សាលើសន្តិភាពនៅយេម៉ែន ហើយនិងបានចូលរួមជាមួយសមភាគីជាច្រើននៅក្នុងតំបន់កាលពីសប្តាហ៍មុន អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ ហើយលោកបានធ្វើការសង្កត់ធ្ងន់ថា មានតែកិច្ចព្រមព្រៀងនយោបាយយេម៉ែនមួយគត់ ដែលអាចដោះស្រាយជម្លោះមួយនេះបាន ហើយនិងបញ្ចប់វិបត្តិមនុស្សធម៌ ។
គួរឲ្យដឹងថា ភាគីទាំង ២ ក្នុងសង្រ្គាមរយៈពេល ៨ឆ្នាំនៅយេម៉ែន បានចោទប្រកាន់គ្នាទៅវិញទៅមកសម្រាប់ការវាយប្រហារទាំងអស់នេះ ដែលបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការស្វែងរកសន្តិភាព។
ចលនាក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែន បានធ្វើសង្រ្គាមជាមួយកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ចាប់តាំងពីឆ្នាំ ២០១៥រហូតមក នៅក្នុងជម្លោះមួយដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ហើយនិងធ្វើប្រជាពលរដ្ឋ ៨០ភាគរយ ពឹងផ្អែកលើជំនួយមនុស្សធម៌ ៕

