ឆ្មាំល្បាតសមុទ្រនៃប្រទេសហ្វីលីពីន បានជំរុញអ្នកនេសាទរបស់ប្រទេសនេះ កាលពីថ្ងៃពុធឲ្យបន្តប្រតិបត្តិការ នៅឯតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលមានជម្លោះ និងកន្លែងផ្សេងទៀត នៅក្នុងសមុទ្រចិនខាងត្បូង ដោយសន្យាបង្កើនការល្បាត នៅទីនោះ បើទោះបីជាវត្តមានរបស់ចិនក្តី។

អ្នកនាំពាក្យឆ្មាំល្បាតសមុទ្រ លោកឧត្តមនាវាត្រី Jay Tarriela បាននិយាយថា កប៉ាល់ហ្វីលីពីន មិនអាចរក្សាវត្តមានថេរបានទេ ប៉ុន្តែបានប្តេជ្ញាការពារសិទ្ធិរបស់អ្នកនេសាទនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសនេះ។
លោកបានប្រាប់វិទ្យុDZRHថា៖«យើងនឹងបង្កើនការល្បាតនៅតំបន់ Bajo de Masinloc និងតំបន់ផ្សេងទៀត ដែលអ្នកនេសាទហ្វីលីពីននៅ» ដោយនិយាយសំដៅលើតំបន់ថ្មប៉ប្រះទឹក ជាតំបន់មួយនៃតំបន់ដែនសមុទ្រដែលមានជម្លោះខ្លាំងបំផុត នៅអាស៊ី។
កាលពីថ្ងៃចន្ទ ឆ្មាំល្បាតឆ្នេរសមុទ្រ បានកាត់របាំងបណ្តែតទឹកប្រវែង៣០០ ម៉ែត្រ ( ៩៨០ហ្វីត) ដែលដំឡើងដោយប្រទេសចិន ដែលរារាំងការចូលទៅកាន់តំបន់ថ្មប៉ប្រះទឹក Scarborough Shoal ជាការឆ្លើយតបដ៏ក្លាហាន នៅក្នុងតំបន់មួយ ដែលទីក្រុងប៉េកាំង បានគ្រប់គ្រងអស់រយៈពេលជាងមួយទសវត្សរ៍ជាមួយនឹងកប៉ាល់ឆ្មាំល្បាតឆ្នេរសមុទ្រ និងកងនាវានៃនាវានេសាទធំៗ។

