កីឡាករវាយកូនបាល់រុស្ស៊ី Karen Khachanov ដណ្តើមបានជើងឯកនៅក្នុងក្របខណ្ឌ Tour លើកដំបូងក្នុងរយៈពេល ៥ ឆ្នាំក្រោយយកឈ្នះកីឡាករជប៉ុន Yoshihito Nichioka នៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ ATP 250 ពានរង្វាន់ Zhuhai Championship នៅលើទឹកដីចិន។

នេះជាការវិលត្រលប់មកការប្រកួតទីពីរប៉ុណ្ណោះសម្រាប់ Karen Khachanov តាំងពីចាញ់នៅវគ្គ ៨ នាក់ចុងក្រោយ French Open កាលពីខែឧសភាដោយសារបញ្ហារបួសខ្នង។
មុនឡើងដល់វគ្គផ្តាច់ព្រ័ត្រនេះ កីឡាករវ័យ ២៧ ឆ្នាំរុស្ស៊ីរូបនេះចាញ់តែ ១ សិតប៉ុណ្ណោះ ខណៈវគ្គផ្តាច់ព្រ័ត្របានយកឈ្នះកីឡាករជប៉ុន Nishioka ពីរសិតផ្ទួនៗ ៧-៦(៧-២) និង ៦-១។
រំលឹកថា Karen Khachanov ធ្លាប់ឈ្នះជើងឯកនៅក្របខណ្ឌ Tour ៤ លើករួចមកហើយ ខណៈចុងក្រោយបំផុតគឺឈ្នះនៅទីក្រុងប៉ារីសប្រទេសបារាំងតាំងពីឆ្នាំ ២០១៨៕ អត្ថបទ៖នាង សុភាវុធ
