
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្ដេជ្ញាបន្តនូវវីរភាពគំរូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបន្តស្តារលើកស្ទួយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត។ ខណៈរយៈពេល៨ខែ ឆ្នាំ២០២៣នេះកម្ពុជា បានទទួលទេសចរអន្តរជាតិចំនួនជាង ៣,៥ លាននាក់ កើនឡើង២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។
នេះបើយោងតាមការបញ្ជាក់នៅក្នុងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបតង» របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជានាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតីបានមានប្រសាសន៍ថា ឆ្នាំ២០២៣ នេះ ក្រោមយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) កម្ពុជារំពឹងទទួល បានទេសចរអន្តរជាតិប្រមាណ ៥ លាននាក់ កើនឡើង ១២០% និងទេសចរជាតិប្រមាណ១៧លាននាក់ និង ឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់ ៨លាននាក់។
សម្ដេចធិបតីបញ្ជាក់ថា ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក៏មានការចូលចំណែកពីវិស័យនានា ជាពិសេសការចូលរួម ចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធ ក្នុងការអនុវត្តផែនទីចង្អុលផ្លូវនៃផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជា ក្នុងអំឡុងពេលនិងក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាផែនការយុទ្ធសាស្ត្រនានាដែលបានដាក់ចេញ នាពេលកន្លងមក។
ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្ដចធិបតី បានប្ដេជ្ញាបន្តនូវវីរភាពគំរូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបន្តស្តារលើកស្ទួយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត។ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍ គ្រប់ជ្រុងជ្រោយមួយ ស្តីពីការលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ។
ក្នុងឱកាសទិវាទិសរណ៍ពិភពលោកនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ឱ្យ បង្កើនការវិនិយោគ និងបន្តកសាងមូលធនមនុស្សបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេល អនាគត និងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។
សម្ដេចធិបតី បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ផ្នែកឯកជន ជួយសហការគាំទ្រក្រសួង ទេសចរណ៍ ក្នុងការបន្តពង្រឹងការអនុវត្តផែនការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្ដុះបណ្តាលជំនាញទេសចរណ៍ដល់ បុគ្គលបម្រើការងារក្នុងសេវាទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ភាពជោគជ័យនៃការទាក់ទាញ និងការរក្សាបាននូវទេពកោសល្យក្នុងវិស័យទេសចរណ៍ នឹងចូលរួមជំរុញដល់យុទ្ធសាស្ត្រពិពិធកម្ម ទេសចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត ការចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ ធម្មជាតិ និងប្រពៃណីទំនៀមទំលាប់ខ្មែរ៕


