WHO៖ អង្គការសុខភាពពិភពលោក បានប្រកាសពីប្រព័ន្ធដាក់ឈ្មោះថ្មីសម្រាប់វីរុសបម្លែងខ្លួន Covid-19។ ពីពេលនេះទៅអង្គការសុខភាពពិភពលោក នឹងប្រើអក្សរក្រិកសំដៅលើវីរុសបម្លែងខ្លួនថ្មី ដែលបានរកឃើញដំបូងនៅក្នុងប្រទេសមួយចំនួនដូចជា ចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង និងឥណ្ឌា។
ជាឧទាហរណ៍វីរុសបម្លែងខ្លួនថ្មីនៅចក្រភពអង់គ្លេស ត្រូវបានដាក់ឈ្មោះថ្មីថា ជាវីរុស Alpha វីរុសបម្លែងថ្មីនៅអាហ្វ្រិកខាងត្បូងដាក់ឈ្មោះថា វីរុស Beta និងវីរុសបម្លែងខ្លួនថ្មីនៅឥណ្ឌាមានឈ្មោះថា វីរុស Delta។ អង្គការសុខភាពពិភពលោកបាននិយាយថា ការដាក់ឈ្មោះនេះគឺជាការពិភាក្សាដ៏សាមញ្ញ ប៉ុន្តែវាក៏បានជួយលុបបំបាត់ទស្សនៈអវិជ្ជមាន ខ្លះពីឈ្មោះទាំងនោះដែរ។ កាលពីដើមខែនេះ រដ្ឋាភិបាលឥណ្ឌាបានរិះគន់ការដាក់ឈ្មោះ វីរុសបម្លែងខ្លួនថ្មី B.1.617.2 ដែលបានរកឃើញដំបូងនៅក្នុងប្រទេសនេះ កាលពីខែតុលាឆ្នាំមុនថា ជាវីរុសបម្លែងខ្លួនថ្មីរបស់ឥណ្ឌា ទោះបីជាអង្គការសុខភាពពិភពលោក មិនបានដាក់ឈ្មោះវីរុសនេះជាផ្លូវការបែបនេះក៏ដោយ៕
អត្ថបទ៖ សុខមាន