ឥណ្ឌា ៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានចោទប្រកាន់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Justin Trudeau ថា មិនចាត់វិធានការប្រឆាំងនឹងពួកជ្រុលនិយម ដែលរស់នៅក្នុងប្រទេសកាណាដានោះឡើយ ព្រោះប្រទេសនេះមានភាពមិនសមហេតុផលខាងផ្នែកនយោបាយ ខណៈដែលប្រទេសទាំង២ នៅតែបន្តជម្លោះការទូតដែលកាន់តែអាក្រក់ឡើងៗ ជុំវិញការសម្លាប់មេដឹកនាំសាសនា Sikh ដែលទីក្រុងអូតាវ៉ា បានស្តីបន្ទោសទីក្រុងញូវដេលី។
នៅឯព្រឹត្តិការណ៍ក្រុមប្រឹក្សាទំនាក់ទំនងបរទេស នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី២៦ ខែកញ្ញា) រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយថា៖ «ជាក់ស្ដែង កាណាដាបានឃើញការបង្កើតអំពើឧក្រិដ្ឋកម្មជាច្រើន ទាក់ទងនឹងកងកម្លាំងអបគមន៍ ការរៀបចំឧក្រិដ្ឋកម្ម ភាពជ្រុលនិយមដោយហិង្សា»។ លោកបានបន្ថែមថា៖ «ការព្រួយបារម្ភរបស់យើង គឺថា ប្រទេសនេះ ពិតជាមានភាពធូររលុងចំពោះក្រុមទាំងនោះ ដោយសារហេតុផលនយោបាយ។ ដូច្នេះយើងមានស្ថានភាព ដែលដោយជាក់ស្ដែង អ្នកការទូតរបស់យើង កំពុងស្ថិតក្រោមការគំរាមកំហែង»។
ការអត្ថាធិប្បាយនេះ គឺជាសង្គ្រាមវោហាសាស្ត្រថ្មីចុងក្រោយបំផុត នៅក្នុងអធិករណ៍ ដែលកាន់តែដុនដាបទៅៗ ដែលបានចាប់ផ្តើមឡើង នៅពេលដែលលោក Trudeau បានចោទប្រកាន់រដ្ឋាភិបាលឥណ្ឌាជាលើកដំបូងថា បានមានចំណែកគាំទ្រដល់ការសម្លាប់សកម្មជនសាសនា Sikh នៅជាយក្រុង Vancouver ដែលជាការចោទប្រកាន់ ត្រូវបានឥណ្ឌាហៅថា «ជារឿងមិនសមហេតុផល»។
យ៉ាងណាក្ដី លោក Jaishankar ដែលត្រូវបានសួរម្តងហើយម្តងទៀតអំពីជម្លោះការទូត ដែលកំពុងកើនឡើងនេះ ក្នុងវគ្គសំណួរនិងចម្លើយ នៅឯព្រឹត្តិការណ៍កាលពីថ្ងៃអង្គារនោះ បានបដិសេធមិននិយាយថា តើប្រទេសកាណាដាបានប្រគល់ការស៊ើបការណ៍សម្ងាត់ណាមួយ ដែលភ្ជាប់មន្រ្តីឥណ្ឌាទៅនឹងការបាញ់សម្លាប់លោក Hardeep Singh Nijjar ឬអត់៕


