កាណាដា ៖ ប្រភពពីក្រសួងឧស្សាហកម្មនៅក្នុងប្រទេសកាណាដា និងឥណ្ឌាបាននិយាយថា ការលក់សណ្តែករបស់កាណាដា ទៅប្រទេសឥណ្ឌាបានធ្លាក់ចុះ ចាប់តាំងពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយកាលពីសប្តាហ៍មុនថា លោកសង្ស័យថាឥណ្ឌាមានជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតលើទឹកដីកាណាដា ខណៈភ័យខ្លាចការសងសឹកពីទីក្រុងញ៉ូវ ដែលី្ល ដែលអាចដាក់កម្រិតលើពាណិជ្ជកម្ម។
ប្រទេសកាណាដា គឺជាប្រភពនាំចូលសណ្តែកលេនទីលដ៏សំខាន់របស់ប្រទេសឥណ្ឌា ដែលជាអាហារចម្បងសម្បូរទៅដោយជាតិប្រូតេអ៊ីន ដោយត្រូវបានប្រើសម្រាប់ធ្វើសម្លការី ដាល់ (daal) របស់ឥណ្ឌា។
ការកាត់បន្ថយការទិញរបស់ឥណ្ឌា ទំនងជានឹងកាត់បន្ថយតម្លៃសណ្ដែក ដែលកសិករកាណាដាទទួលបានក្នុងអំឡុងពេលប្រមូលផល។ ប៉ុន្តែវិធានការបែបនេះ ក៏អាចធ្វើឱ្យតម្លៃម្ហូបអាហារក្នុងស្រុករបស់ឥណ្ឌាកើនឡើងផងដែរ ដែលនឹងមានគ្រោះថ្នាក់ផ្នែកនយោបាយនៅមុនការបោះឆ្នោតជាតិនៅឆ្នាំក្រោយសម្រាប់ឥណ្ឌា។
ប្រភពអ្នកទិញឥណ្ឌា បានទិញការផ្គត់ផ្គង់ដ៏សំខាន់នៃគ្រាប់សណ្តែកកាណាដានៅដើមឆ្នាំនេះ សម្រាប់ការចែកចាយបន្ទាប់ពីប្រមូលផល។
ដោយសារតែដំណាំរបស់ឥណ្ឌាមិនសូវល្អ តម្លៃសណ្តែកមានតម្លៃខ្ពស់ ប៉ុន្តែចាប់តាំងពីការលើកឡើងរបស់លោក Trudeau មក ការផ្តល់ជូនរបស់ឥណ្ឌាសម្រាប់ការផ្គត់ផ្គង់កាណាដា បានធ្លាក់ចុះរហូតទៅដល់៦% ហើយមកទល់ពេលនេះ៕

