ប៉ាឡេស្ទីន ៖ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងពន្យារពេលឆ្នាំសិក្សាសម្រាប់សិស្សជាង ១១.០០០នាក់ នៅក្នុងជំរំ ជនភៀសខ្លួនប៉ាឡេស្ទីន Ain Al-Helweh នៅប្រទេសលីបង់ភាគខាងត្បូង រហូតដល់មានការជូនដំណឹងបន្ថែម។
ទីភ្នាក់ងារUN បានធ្វើការសម្រេចចិត្តលើមូលដ្ឋាន ដែលក្រុមប្រដាប់អាវុធ នៅតែកាន់កាប់សាលារៀន របស់UNRWA នៅក្នុងតំបន់ បន្ទាប់ពីការប៉ះទង្គិចនាពេលថ្មីៗនេះរវាងចលនាហា្វតា (Fatah) ប៉ាឡេស្ទីន និងក្រុមសកម្មជនឥស្លាម។
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) UNRWA បាននិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍ ដើម្បីទទួលបានកន្លែងអប់រំសមរម្យសម្រាប់សិស្សានុសិស្សទាំងអស់នៅក្នុងជំរំ ដើម្បីចាប់ផ្តើមឆ្នាំសិក្សាឲ្យ បានឆាប់តាមដែលអាចធ្វើបាន នៅពេលណាស្ថានការណ៍ ល្អប្រសើរឡើង ដោយបន្ថែមថា ខ្លួននឹងជូនដំណឹងដល់ឪពុកម្តាយសិស្សអំពីបច្ចុប្បន្នភាពណាមួយ នៅពេលក្រោយ។
សារព័ត៌មាន NNA បានដកស្រង់សម្តីលោក Dorothee Klaus ប្រធានកិច្ចការ UNRWAនៅប្រទេសលីបង់ដោយនិយាយថា៖«ពួកសកម្មប្រយុទ្ធ នៅតែគ្រប់គ្រងសាលារៀនទាំង៨របស់UNRWA នៅក្នុងជំរំដែលត្រូវបានទទួលរងការខូចខាត និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ខណៈដែលសាលារៀននៅក្នុងទីក្រុងស៊ីដន (Sidon)នៃប្រទេសលីបង់ភាគខាងត្បូង កំពុងផ្តល់ជម្រកដល់គ្រួសារជនភៀសខ្លួន។

