អ៊ីរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ បានអះអាងនៅថ្ងៃពុធនេះថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបរូបភាពទៅក្នុងលំហដោយជោគជ័យ ដែលជាសកម្មភាពមួយដែលអាចបង្កើនភាពតានតឹងជាមួយបណ្តាប្រទេសលោកខាងលិចដែលបារម្ភថា បច្ចេកវិទ្យាអវកាសរបស់ប្រទេសនេះ អាចប្រើដើម្បីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអ៊ីរ៉ង់ លោក Isa Zarepour បាននិយាយថា ផ្កាយរណប Noor-3 ត្រូវបានដាក់ក្នុងគន្លងគោចរ ដែលមានចម្ងាយ ៤៥០ គីឡូម៉ែត្រ (២៨០ម៉ាយ)ពីលើផ្ទៃផែនដី។
ពុំមានការទទួលស្គាល់ភ្លាមៗពីមន្ត្រីលោកខាងលិចអំពីការបាញ់បង្ហោះឬផ្កាយរណបដែលត្រូវបានគេដាក់ទៅក្នុងគន្លងតារាទេ។ អ៊ីរ៉ង់មានការបរាជ័យជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
គេមិនដឹងច្បាស់ទេថា ការបាញ់បង្ហោះនេះ កើតឡើង នៅពេលណាទេ។ យោធាអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
