ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ បាន ជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧) ជូនបងប្អូនកម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងខែកក្កដា និងខែសីហា ឆ្នាំ២០២៣ នៃរោងចក្រ ចំនួន ៣០ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនដំណឹងដល់បងប្អូនកម្មករនិយោជិតដែលបានព្យួរកិច្ចសន្យា ការងារក្នុងខែកក្កដា និងខែសីហា ឆ្នាំ២០២៣ នៃរោងចក្រ ទាំង៣០ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យា ការងារស្របតាមស្មារតីនៃសេចក្ដីណែនាំលេខ០២០/២៣ ក.ប/ ស.ណ.ន.ខ.ល ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ស្តីពីការ ព្យួរកិច្ចសន្យាការងារកម្មករនិយោជិតធ្វើការនៅរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើ ដំណើរនិងកាបូប ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកល ជ្រាបថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពី ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក។
បើតាមក្រសួងការងារ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ ៨១ ០០០រៀល (២០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ - ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់ ១ខែ។
ក្រសួងសូមរំឭកថា ធនាគារ វីង (ខេមបូឌា) ម.ក និងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវឹងឡើយពេលបើកប្រាក់ ឧបត្ថម្ភនេះ៕ ដោយ ៖ ដារា



