ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រី្តក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានប្រកាសដាក់ដំណើរការថ្នាលសហគមន៍ឌីជីថល កម្ពុជា (ស.ឌ.ក) ដើម្បីគាំទ្រទៅដល់ការអនុវត្តន៍ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច សង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
បន្ទាប់ពីឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញអំពីសាវតា បច្ចុប្បន្នភាព បេសកកម្ម ទស្សវិស័យ គោលដៅ មុខងារសំខាន់ៗ និងអត្ថប្រយោជន៍ទាក់ទង និងថ្នាលសហគមន៍ឌីជីថលកម្ពុជា រួចមក ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានថ្លែងថា ថ្នាលសហគមន៍ឌីជីថល កម្ពុជា ត្រូវបានរៀបចំឡើងដោយគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងប្រមូលផ្តុំអ្នកអភិវឌ្ឍបច្ចេកវិទ្យា សហគ្រិនឌីជីថល និងអ្នកមានគុណវុឌ្ឍិបច្ចេកវិទ្យាឌីជីថល ក៏ដូចជាសិស្សានុសិស្ស ដែលអាចបង្ហាញពីសក្កានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍសុសវែ បច្ចេកវិទ្យាឌីជីថល លើកកម្ពស់សហការនៅការផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងការរីកចម្រើន នៃវិស័យឌីជីថលនៅកម្ពុជា ឈានទៅដល់កសាងមូលធនមនុស្ស ឲ្យក្លាយទៅជាពលរដ្ឋឌីជីថល ក្នុងន័យនេះ ថ្នាលសហគមន៍ឌីជីថលនៅកម្ពុជា បានក្លាយជាចំណែកមួយក្នុងការគាំទ្រសកម្មភាពអាទិភាព នៃយុទ្ធសាស្រ្តកសាងធនធានមនុស្សឌីជីថល ដែលក្រសួង បាននិងកំពុងតែយកចិត្តទុកដាក់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា ការងារសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១៥ឆ្នាំ គឺធ្វើយ៉ាងណា ដើម្បីប្រែក្លាយរដ្ឋាភិបាល ឲ្យក្លាយទៅជារដ្ឋាភិបាលឌីជីថល និងប្រែក្លាយពលរដ្ឋកម្ពុជា ឲ្យក្លាយជាពលរដ្ឋឌីជីថល ធុរៈកិច្ច និងសេដ្ឋកិច្ចកម្ពុជា ឲ្យទៅជាសេដ្ឋកិច្ច ធុរៈកិច្ចឌីជីថល។ ដើម្បីសម្រេចបានគោលដៅនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានតួនាទី សំខាន់ៗមួយចំនួន។
ជាចុងក្រោយឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានបញ្ជាក់ថា ក្រសួងបានចាប់ផ្តើមការប្រកួតថ្នាក់ជាតិមួយដែលមានឈ្មោះថា “កម្មវិធីបញ្ញវន្តឌីជីថល Digital Talents” ដើម្បីលើកកម្ពស់ចំណាប់អារម្មណ៍លើជំនាញឌីជីថល ជាពិសេសក្នុងចំណោមសិស្សវិទ្យាល័យនៅទូទាំងប្រទេស ដើម្បីរួមចំណែកបន្ថែមទៀតដល់ការកសាងធនធានមនុស្សឌីជីថលរបស់ប្រទេស ក្រសួងក៏គ្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន ៥៥៨ទូទាំងប្រទេស ដើម្បីជំរុញការអភិវឌ្ឍជំនាញ និងការបង្កើនសមត្ថភាពផ្នែកឌីជីថល ដល់អ្នកពាក់ព័ន្ធ ជាអាទិ៍សិស្សានុសិស្ស មន្ត្រីមូលដ្ឋាន ពលករជំនាញ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដល់ប្រជាជនតាមសហគមន៍មូលដ្ឋានផងដែរ៕ អត្ថបទ៖ រដ្ឋា










