
កាពីទែននាវាទេសចរណ៍អ៊ុយក្រែនម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំកន្លះ សម្រាប់ការទទួលខុសត្រូវរបស់គាត់ ក្នុងឧបទ្ទវហេតុឆ្នាំ២០១៩ នៅប្រទេសហុងគ្រី ដែលបានសម្លាប់ភ្ញៀវទេសចរកូរ៉េខាងត្បូង ២៥នាក់ និងសមាជិកនាវិក ២នាក់។
ចៅក្រមលោកស្រី Leona Nemeth បានប្រកាសសាលក្រម នៅតុលាការកណ្តាល Pest County ក្នុងទីក្រុង Budapest កាលពីថ្ងៃអង្គារ (ទី២៥ ខែកញ្ញា)។ ការប្រកាសនោះ បានលើកឡើងថា «យោងតាមកថាខណ្ឌទី៣ ជនជាប់ចោទមានទោសពីការធ្វេសប្រហែស ដែលបង្កជាការគំរាមកំហែងដល់ការដឹកជញ្ជូនផ្លូវទឹក»។
គ្រោះថ្នាក់ នាពេលនោះ រាប់ថា ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត នៅលើដងទន្លេ Danube ក្នុងរយៈពេលជាងកន្លះសតវត្សរ៍មកនេះ។ នាវាទេសចរណ៍ដែលទទួលខុសត្រូវដោយជនជាប់ចោទឈ្មោះ «C. Yuriy» បានបុកជាមួយទូកទេសចរណ៍តូចមួយ ដែលមានឈ្មោះថា Mermaid នៅក្រោមស្ពាន ក្នុងរដ្ឋធានី អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។ ក្នុងហេតុការណ៍នោះ មានអ្នកដំណើរតែ ៧នាក់ប៉ុណ្ណោះ ដែលរួចជីវិត។
បុរសជនជាតិអ៊ុយក្រែនរូបនេះ ដែលត្រូវបានឃុំខ្លួនតាំងពីឆ្នាំ២០១៩ មកនោះ បានប្រាប់តុលាការថា រូបលោក មានការ «សោកស្តាយយ៉ាងខ្លាំង» សម្រាប់សោកនាដកម្មនេះ៕