
ប្រធានាធិបតីទួរគីលោក Tayyip Erdogan និយាយថា ច្រករបៀងតភ្ជាប់ប្រទេសរបស់លោកជាមួយអាស៊ែបៃហ្សង់ នឹងត្រូវបង្កើតឡើងនៅក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រោយកងកម្លាំងអាស៊ែបៃហ្សង់ ដណ្តើមយកតំបន់វិវាទ Nagorno-Karabakh អំឡុងប្រតិបត្តិការសឹកដូចផ្លេចបន្ទោរបស់ពួកគេកាលពីសប្តាហ៍មុន ។
ថ្លែងនៅក្នុងជំនួបគណៈរដ្ឋមន្រ្តី លោក Erdogan និយាយថា ប្រទេសទួរគី នឹងរកដៃគូជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់ច្រករបៀងសេដ្ឋកិច្ច Zangezur ។
ច្រករបៀងនេះ មានគោលដៅផ្តល់ឲ្យទីក្រុង Baku របស់អាស៊ែបៃហ្សង់នូវការចូលដល់តំបន់ Nakhchivan កាត់តាមប្រទេសអាមេនី ។
ប្រទេសទួរគី និងអាស៊ែបៃហ្សង់ បានអំពាវនាវឲ្យអនុវត្តន៍ផែនការមួយនេះ ចាប់តាំងពីសង្រ្គាមនៅតំបន់ Karabakh លើកទី ២កាលពីឆ្នាំ ២០២០ ។
លោក Erdogan បានបំពេញទស្សនកិច្ចទៅកាន់តំបន់ Nackchivan ជាទីដែលលោកបានជួបប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានពេលវិលត្រឡប់មកវិញ លោក Erdogan និយាយថា បើសិនជាអាមេនី ពុំអនុញ្ញាតឲ្យមានច្រករបៀងពាណិជ្ជកម្មឆ្លងកាត់ដែនដីរបស់ពួកគេ ដល់ពេលនោះអ៊ីរ៉ង់ នឹងស្វាគមន៍គំនិតឲ្យមានច្រករបៀងឆ្លងកាត់ដែនដីរបស់ពួកគេ ។
សូមបញ្ជាក់ថា ប្រតិបត្តិការសឹករបស់អាស៊ែបៃហ្សង់កាលពីសប្តាហ៍មុន ដើម្បីគ្រប់គ្រងតំបន់ជនជាតិភាគតិចអាមេនី Nagorno-Karabakh បានធ្វើអាមេនី មានការព្រួយបារម្ភថា ទីក្រុង Baku អាចនឹងប្រើប្រាស់កម្លាំងបង្កើតច្រករបៀងឆ្លងកាត់ប្រទេសរបស់ពួកគេ ទៅកាន់តំបន់ Nakhchivan របស់អាស៊ែបៃហ្សង់ ៕