
ជនរងគ្រោះដោយសារទឹកជំនន់នៅតំបន់វាលទំនាប Thessaly របស់ប្រទេសក្រិក បានមើលឃើញមានភ្លៀងធ្លាក់បន្ថែមទៀតកាលពីថ្ងៃអង្គារ ពេលដែលពួកគេទើបងើបពីផលប៉ះពាល់ដោយសារព្យុះ Daniel កាលពីដើមខែនេះ ក្នុងនោះពួកគេភាគច្រើន បានបង្ខំបោះបង់ចោលផ្ទះទាំងមូលរបស់ពួគគេ ដោយសារតែវារងការបំផ្លិចបំផ្លាញទាំងស្រុង ។
ក្រុមអាជ្ញាធរ បានធ្វើការព្រមានពីព្យុះចុងក្រោយគេ Elias ដែលនឹងនាំមកជាមួយនូវភ្លៀងធ្លាក់បន្ថែមទៀតមកកាន់តំបន់ ក្នុងរយៈពេល ២ថ្ងៃបន្ទាប់ ។
គ្រឿងសង្ហារឹម រួមទាំងគ្រែ ពួក និងតុ ហើយនិងសម្ភារៈផ្ទាល់ខ្លួនជាច្រើនទៀតរបស់ក្រុមអ្នកភូមិ ដូចជាប្រដាប់ប្រដារក្មេងលេង ចាន សម្លៀកបំពាក់ និងកម្រាលព្រំ បន្តស្ថិតនៅលើផ្លូវ រយៈពេលច្រើនសប្តាហ៍ក្រោយទឹកជំនន់ ដោយពួកគេនៅសេសសល់របស់របរតិចតួចប៉ុណ្ណោះ ដែលអាចស្រោចស្រង់បាន ។
នៅក្នុងផ្ទះរបស់ពួកគេ ជញ្ជាំង និងឥដ្ឋ គ្របដណ្តប់ដោយទឹក និងភក់ ហើយមកទល់នឹងពេលនេះ មនុស្សយ៉ាងហោច ១៦នាក់ បានស្លាប់ និងមនុស្សម្នាក់ កំពុងបាត់ខ្លួន ក្រោយទឹកជំនន់វាយប្រហារទីក្រុង និងភូមិជាច្រើនក្នុងតំបន់ Thessaly ស្ថិតនៅភាគកណ្តាលប្រទេសក្រិក ។
ប្រជាពលរដ្ឋជាច្រើន ត្រូវបានជួយសង្រ្គោះតាមទូក និងឧទ្ធម្ភាគចក្រ ហើយពួកគេទាំងនេះ នៅមិនទាន់បានវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេនៅឡើយទេ ។
ដោយឡែក ដំណាំ រងការបំផ្លិចបំផ្លាញផងដែរ ហើយសត្វចិញ្ចឹមរាប់ម៉ឺនក្បាល បានលង់ទឹកងាប់នៅដែនដីកសិកម្មមួយនេះ ។
អ្នកស្រី Anastasia Tsagkarakaki គឺជាកសិករវ័យ ៦០ឆ្នាំមួយរូប និយាយថា គាត់បានបាត់បង់ដំណាំរបស់គាត់ អស់ច្រើនណាស់ និងសត្វមាន់ ១២០ក្បាលដោយសារព្យុះ Daniel ។ អ្នកស្រីថា គាត់មិនអាចដេកលក់នោះទេនៅពេលយប់ ៕