
នៅមុនខួបកំណើតព្យាការី Mohammad ប្រជាពលរដ្ឋអេហ្ស៊ីប នាំគ្នាត្អូញត្អែពីតម្លៃហក់ឡើងខ្ពស់របស់នំដែលគេចូលចិត្តនិយមទទួលទានពេលប្រារព្ធខួបកំណើតនេះ ។
ថ្ងៃ Mawlid al-Nabi ដែលជាថ្ងៃខួបកំណើតរបស់ព្យាការីអ៊ីស្លាម Mohammad តាមធម្មតាត្រូវបានគេប្រារព្ធដោយជនមូស្លីមនៅជុំវិញពិភពលោក ។ ទីក្រុងជាច្រើន នឹងតុបតែងលម្អដោយភ្លើងពណ៌ ហើយមនុស្សជាច្រើន នឹងចែកនំ បង្អែម និងស្កគ្រាប់ដល់ក្មេងៗ ។ ការប្រារព្ធថ្ងៃខួបកំណើតនេះដែរ ខុសប្លែកគ្នាពីតំបន់មួយទៅតំបន់ ដោយអាស្រ័យលើទំនៀមទម្លាប់ប្រពៃណីរបស់ពួកគេ ។
ជាទូទៅ នៅតាមផ្លូវក្នុងទីក្រុងគែ របស់ប្រទេសអេហ្ស៊ីប នំពិសេស និងគ្រឿងតុបតែង មានពេញផ្សារ អំឡុងពិធីខួបកំណើត ។
ប៉ុន្តែនៅឆ្នាំនេះ ដោយសារតែវិបត្តិសេដ្ឋកិច្ច ក្រុមអ្នកផលិត អ្នកទិញ និងអតិថិជន បាននិយាយថា តម្លៃវត្ថុធាតុដើម បានកើនឡើងខ្ពស់ ដោយសារតែវិបត្តិរូបិយវត្ថុ នាំឲ្យកើតមានការធ្លាក់ចុះតម្រូវការ ។
សូមបញ្ជាក់ថា អតិផរណានៅអេហ្ស៊ីប បានហក់ឡើងខ្ពស់បំផុត ហើយបញ្ហាសេដ្ឋកិច្ចបានធ្វើឲ្យកើតមានកង្វះខាតដ៏រ៉ាំរ៉ៃនៃរូបិយវត្ថុបរទេស ចាប់តាំងពីដើមឆ្នាំ ២០២២ រហូតមក ៕