កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសថា ប្រជាពលរដ្ឋចំនួន ៣១នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ កាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីពួកគេបានប៉ះពាល់នឹងកម្មការិនីដែលបានឆ្លងមេរោគនេះ។
ក្នុងសេចក្ដីប្រកាស រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញលើប្រជាពលរដ្ឋ ១៦នាក់នៅក្នុងស្រុកជើងព្រៃ បន្ទាប់មកទៀតពលរដ្ឋ ៧នាក់ទៀតនៅស្រុកបាធាយ ខណៈស្រុកកំពង់សៀមមានពលរដ្ឋ ៥នាក់បន្ថែមទៀត ត្រូវបានរកឃើញឆ្លងមេរោគផ្លូវដង្ហើមនេះ។
ចំណែកឯស្រុកកងមាស និងស្រុកស្រីសន្ធរ រដ្ឋបាលខេត្តកំពង់ចាមប្រកាសថា រកឃើញពលរដ្ឋតែម្នាក់ប៉ុណ្ណោះបានឆ្លងមេរោគកូវីដ-១៩នៅក្នុងស្រុកនីមួយៗ។
ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញក្នុងចំណោមកម្មករកម្មការិនី ២ ៩៤៨នាក់ ដែលមន្ត្រីសុខាភិបាលខេត្តកំពង់ចាម បានធ្វើតេស្តកាលពីថ្ងៃម្សិលមិញនេះ។
បើតាមរដ្ឋបាលខេត្តនេះ ពលរដ្ឋឆ្លងថ្មីទាំង ៣១នាក់នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងមណ្ឌលព្យាបាលកម្រិតស្រាលស្ថិតក្នុងបរិវេណនៃវិទ្យាល័យព្រះសីហនុ។
ថ្ងៃម្សិលមិញនេះដែរ អ្នកជំងឺកូវីដ-១៩ចំនួន ៦០នាក់ទៀត ក៏ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញផងដែរ បន្ទាប់ពីត្រូវបានព្យាបាលជាសះស្បើយ ដែលនាំឱ្យតួលេខអ្នកជាសះស្បើយសរុបឡើងដល់ ៣១០នាក់ហើយនៅក្នុងខេត្តនេះ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ៥៧២នាក់ទៀតកំពុងស្ថិតក្រោមការព្យាបាលបន្ត៕
