
នាយកប្រតិបត្តិរបស់សេវាកម្ម Spotify លោក Daniel Ek កាលថ្ងៃអង្គារ (ទី២៦ ខែកញ្ញា) បាននិយាយថា មិនមាន «ផែនការភ្លាមៗ» ដើម្បីហាមឃាត់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងតន្ត្រីលើវេទិកាឌីជីថលនេះនោះទេ។
នៅពេលត្រូវបានសួរ ក្នុងបទសម្ភាសន៍មួយថា តើក្រុមហ៊ុនឌីជីថលដ៏ធំនេះ មានគម្រោងដាក់បម្រាមលើការប្រើប្រាស់ AI ឬយ៉ាងណា លោក Ek បានឆ្លើយថា ការហាមប្រាមមិនរំពឹងថា នឹងកើតមាននោះទេ។
ដោយលើកឡើងពីការប្រើប្រាស់ AI ដែលបានបង្កើតឡើងយ៉ាងល្អ ក្នុងបទចម្រៀង ដែលកែតម្រូវដោយស្វ័យប្រវត្តិ លោកបាននិយាយថា៖ «វានឹងមិនធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះទេ ដែលថា ប្រសិនបើយើងក្រឡេកមើលតារាងកំពូលរបស់ Spotify ថ្ងៃនេះ ដែលមានការប្រើប្រាស់ AI ស្របច្បាប់របស់សិល្បករ»។
សូមរំលឹកថា នៅដើមឆ្នាំ២០២៣ នេះ AI ត្រូវបានប្រើដើម្បីបង្កើតបទចម្រៀង ដែលត្រាប់តាមសំឡេងរបស់សិល្បករ Drake & The Weeknd ដែលមានចំណងជើងថា «Heart on My Sleeve»។ បន្ទាប់មក បទចម្រៀងដ៏ពេញនិយមនេះ ត្រូវបានលុបចេញពី Spotify។
ដោយលើកជាមតិយោបល់លើករណីនេះ លោក Ek បាននិយាយថា បណ្ដាសិល្បករគួរតែអាចសម្រេចបានថា តើពួកគេតំណាងឲ្យបទចម្រៀង និងទំនុកច្រៀងបែបណា។ តែយ៉ាងណាក្ដី ដោយនិយាយបន្ថែមពីការមិនយល់ស្របនឹងអ្នកផលិត ដែលអាចរកប្រាក់បានពីបទចម្រៀងបែបនេះនោះ លោក Ek បានប្រាប់ថា បទចម្រៀងដែលផលិតដោយ AI គឺ«មិនមែនជាបទពិសោធន៍វិជ្ជមាន និងមិនមែនជាអ្វី ដែលយើងគិតថា គួរតែមាននោះទេ»៕