
បុគ្គលិកសន្តិសុខ នៅរដ្ឋចលាចល Manipur របស់ប្រទេសឥណ្ឌា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ ដែលធ្វើបាតុកម្មនៅទីក្រុង Imphal នាថ្ងៃពុធ (ទី២៧ ខែកញ្ញា) នេះ។
រូបថតជាច្រើននៃសាកសពនិស្សិតបាត់ខ្លួន២នាក់ ដែលដេកស្លាប់នៅក្នុងតំបន់ព្រៃមួយ បានលេចឡើងនៅលើបណ្ដាញសង្គម កាលពីថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) បន្ទាប់មកមនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី ដើម្បីប្រឆាំងនឹងការសម្លាប់នេះ។
ក្រុមអ្នកតវ៉ាបានដើរក្បួនឆ្ពោះទៅកាន់គេហដ្ឋានរបស់រដ្ឋមន្ត្រីប្រចាំរដ្ឋ មុនពេលត្រូវបានបំបែកដោយកងកម្លាំងរក្សាសន្តិសុខ។ សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា បម្រាមគោចរត្រូវបានដាក់ក្នុងទីក្រុង ដើម្បីទប់ស្កាត់អំពើហិង្សានេះ។
សូមបញ្ជាក់ថា រដ្ឋ Manipur បាន និងកំពុងជួបនូវភាពចលាចលដោយសារការបង្កអំពើហិង្សារបស់ជនជាតិភាគតិច ចាប់តាំងពីខែឧសភាមក ហើយយ៉ាងហោចណាស់មនុស្ស ១៨០នាក់ ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ទៀតត្រូវបានផ្លាស់ទីលំនៅ ចាប់តាំងពីសហគមន៍ជនជាតិភាគតិច Meitei និង Kuki បានចាប់ផ្តើមប៉ះទង្គិចគ្នា ជុំវិញការបែងចែកផលប្រយោជន៍សេដ្ឋកិច្ច និងកូតានានារបស់រដ្ឋាភិបាលឥណ្ឌា៕