
កងទ័ពជើងទឹកឥណ្ឌា បានបញ្ចេញយានដ្រូនប្រមាញ់ MQ-9Bពីរគ្រឿង នៅក្នុងក្រុង អារ៉ាកូណាមភាគខាងត្បូង រដ្ឋតាមិលណាឌូ ដើម្បីបង្ហាញនូវសមត្ថភាពវិស័យការពារជាតិរបស់ខ្លួន។
យានដ្រូនប្រមាញ់ MQ-9Bនេះ ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមក្រុមហ៊ុន General Atomics និងត្រូវបានប្រើប្រាស់ភាគច្រើនដោយកងទ័ពឃើងទឹកក្នុងតំបន់មហាសមុទ្រឥណ្ឌា។ គូសត្រូវជាប្រពៃណីទាំងពីររបស់ឥណ្ឌា គឺចិន និងប៉ាគីស្ថាន បានធ្វើទំនើបកម្មប្រព័ន្ធការពារដែនអាកាសដែលអាចរឹតត្បិតការប្រើប្រាស់យានដ្រូន នៅតាមព្រំដែនដីគោករបស់ឥណ្ឌាបាន។
មន្រ្ដីម្នាក់នៃកងទ័ពជើងទឹក បាននិយាយថា យន្ដហោះគ្មានមនុស្សបើក MQ-9Bនេះ ធ្វើសកម្មភាពធន់បានជាង៣០ម៉ោង និងអាចហោះហើរក្នុងរយៈកម្ពស់រហូត៤០.០០០ហ្វីតឬជាង១២គីឡូម៉ែត។
កងទ័ពជើងទឹកឥណ្ឌា បានបញ្ចេញយានដ្រូន MQ-9B ដែលមិនបំពាក់អាវុធនេះតាំងពីខែវិច្ឆិកាឆ្នាំ២០២០សម្រាប់ឈ្លបយកការណ៍។
នៅដើមឆ្នាំនេះ ប្រទេសឥណ្ឌា បានសម្រេចទិញយានដ្រូនចំនួន៣១គ្រឿងពីក្រុមហ៊ុន General Atomics ដែលមានតម្លៃជាង៣ពាន់លានដុល្លាអាមេរិក។