អាស៊ែរបៃហ្សង់៖ ប្រទេសអាស៊ែរបៃហ្សង់ បាននិយាយថា ខ្លួនបានចាប់ខ្លួនអតីតប្រមុខរដ្ឋាភិបាលផ្តាច់ខ្លួនរបស់ណាហ្គ័រណូ-ការ៉ាបាក់ ខណៈដែលអតីតមេដឹកនាំរូបនេះ បានព្យាយាមឆ្លងចូលទៅក្នុងប្រទេសអាមេនី កាលពីថ្ងៃពុធ រួមជាមួយមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត ដែលបានភៀសខ្លួន បន្ទាប់ពីការវាយប្រហារ២៤ម៉ោងកាលពីសប្តាហ៍របស់អាស៊ែរបៃហ្សង់ ដើម្បីដណ្តើមយកដែនដីដែលនៅឆ្ងាយនេះ មកគ្រប់គ្រងវិញ។
ការចាប់ខ្លួន លោក រ៉ូបិន វ៉ាដានយ៉ាន ( Ruben Vardanyan) ត្រូវបានប្រកាសដោយសេវាកម្មឆ្មាំល្បាតព្រំដែនរបស់ប្រទេស អាស៊ែរបៃហ្សង់។ វាហាក់ដូចជាឆ្លុះបញ្ចាំងពីចេតនារបស់អាស៊ែរបៃហ្សង់ ក្នុងការពង្រឹងការកាន់កាប់តំបន់នេះយ៉ាងឆាប់រហ័ស និងដោយកម្លាំងខ្លាំងក្លា បន្ទាប់ពីការវាយលុករបស់យោធា ដែលបានជំរុញឲ្យមានការភៀសខ្លួនដ៏ឆាប់រហ័សនៃជនជាតិភាគតិចអាមេនី។
លោក វ៉ាដានយ៉ាន ជាពាណិជ្ជករមានប្រាក់រាប់ពាន់លាន ដែលបានបង្កើតទ្រព្យសម្បត្តិរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី ជាកន្លែងលោកជាម្ចាស់ធនាគារវិនិយោគដ៏ធំមួយ បានផ្លាស់ប្តូរទីតាំងទៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ក្នុងឆ្នាំ២០២២ ហើយបានបម្រើការជាប្រមុខរដ្ឋាភិបាលក្នុងតំបន់អស់រយៈពេលជាច្រើនខែ មុនពេលចុះចេញពីតំណែង កាលពីដើមឆ្នាំនេះ។
សេវាឆ្មាំល្បាតព្រំដែន បាននិយាយថា លោក វ៉ាដានយ៉ាន ត្រូវបានអមដំណើរទៅកាន់រដ្ឋធានីបាគូរបស់ប្រទេសអាស៊ែរបៃហ្សង់ ហើយបានប្រគល់ទៅឲ្យ «ស្ថាប័នរដ្ឋពាក់ព័ន្ធ» ដែលនឹងសម្រេចជោគវាសនារបស់អតីតមេដឹកនាំផ្តាច់ខ្លួនរូបនេះ។ សេវានេះ បានបង្ហោះរូបភាពរបស់ លោក វ៉ាដានយ៉ាន ដែលត្រូវបានចាប់ខ្លួនដោយឆ្មាំល្បាតព្រំដែនពីរនាក់ នៅក្បែរឧទ្ធម្ភាគចក្រ៕

