ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នឹងមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ខណៈដំណើរទស្សនកិច្ចនេះ គឺជាថ្នាក់ដឹកនាំដំបូងបំផុត ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្រោយកម្ពុជាធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិ កាលទី៧ កាលពីខែកក្កដា កន្លងទៅថ្មីៗនេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន ឯកឧត្តមនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ជំនួបទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, និងសម្តេចប្រធានរដ្ឋសភាជាដើម។


