រុស្ស៊ី៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសគុយបា បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ (២៧ កញ្ញា) ថា ប្រទេសគុយបា និងរុស្ស៊ី កំពុងធ្វើការរួមគ្នាលើករណីដែលពលរដ្ឋគុយបាត្រូវបានជ្រើសរើសឱ្យចូលប្រយុទ្ធក្នុងយោធារុស្ស៊ី។
នៅដើមខែនេះ រដ្ឋាភិបាលគុយបាបាននិយាយថា បុរសវ័យក្មេងជនជាតិគុយបាជាច្រើន បានចុះឈ្មោះក្នុងជួរយោធារបស់វិមានក្រឹមឡាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្នុងនាមជាទាហានស៊ីឈ្នួល និងជាជនរងគ្រោះក្នុងគម្រោងការជួញដូរមនុស្ស ដែលត្រូវបានចោទប្រកាន់ ស្របពេលសង្គ្រាមកំពុងបន្តនៅអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Víctor Koronelli បាននិយាយនៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងលើបញ្ហានេះថា ភាគីរុស្ស៊ី និងគុយបា កំពុងទាក់ទងគ្នាក្នុងរឿងនេះ។
ការអត្ថាធិប្បាយរបស់លោក Koronelli កាលពីថ្ងៃពុធ បានកើតឡើងក្នុងពិធីមួយ ដែលបង្ហាញពីការបរិច្ចាគប្រេងបន្លែចំនួន៦៥០តោន មានតម្លៃ៣លានដុល្លារ ដែលជាអំណោយមួយក្នុងចំណោមអំណោយជាបន្តបន្ទាប់ រាប់ចាប់ពីស្រូវសាលី រហូតដល់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដែលបានផ្តល់ដល់ប្រទេសគុយបានាពេលថ្មីៗនេះ ដោយសម្ព័ន្ធមិត្តរុស្ស៊ីរបស់ខ្លួន៕

