ហៃទី៖ ប្រមុខអង្គការសហប្រជាជាតិ បានព្រមាននៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា ប្រទេសហៃទីដែលញាំញីដោយក្រុមជនអន្ធពាលកំពុងធ្លាក់ចូលក្នុងការបង្ហូរឈាម និងភាពគ្មានច្បាប់ទម្លាប់ ដោយជំរុញឲ្យសហគមន៍អន្តរជាតិផ្តល់ជំនួយផ្នែកសន្តិសុខ និងហិរញ្ញវត្ថុដល់ប្រទេសការ៉ាអ៊ីបដែលកំពុងមានបញ្ហានេះ។
ក្រុមជនអន្ធពាលដ៏ឃោរឃៅ កំពុងរឹតបន្តឹងការក្តាប់របស់ពួកគេលើប្រទេសហៃទី ដោយមានក្រុមបាញ់ស៊ីប បាញ់ដោយមិនរើសមុខពីលើដំបូលផ្ទះ ហើយមនុស្ស ត្រូវបានដុតទាំងរស់ ដែលជំរុញឲ្យក្រុមប្រជាការពារ ឆ្លើយតបដោយអំពើហិង្សាកាន់តែច្រើនឡើង។
លោកអគ្គលេខាធិការUN លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បាននិយាយនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា៖«អំពើហិង្សាទាក់ទងនឹងក្រុមជនអន្ធពាល បានបន្តកើនឡើងក្នុងកម្រិតខ្លាំង និងឃោរឃៅ ដោយក្រុមជនអន្ធពាលបានពង្រីកការគ្រប់គ្រងរបស់ពួកគេ នៅក្នុង និងក្រៅទីក្រុងព័រអូប្រាំង»។
លោកបានបន្ថែមថា៖«អំពើហិង្សាផ្លូវភេទ រួមទាំងការរំលោភរួម បន្តត្រូវបានប្រើប្រាស់ដោយក្រុមជនអន្ធពាល ដើម្បីបំភិតបំភ័យប្រជាជន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាលដែលជាគូប្រជែងរបស់ពួកគេ»។
របាយការណ៍នេះ កើតឡើង នៅពេលដែលសមាជិកនៃក្រុមប្រឹក្សាសន្តិសុខUN ពិភាក្សាអំពីអាណត្តិនៃបេសកកម្មសន្តិសុខអន្តរជាតិ ដែលត្រូវបានស្នើសុំដោយអាជ្ញាធរហៃទី ដើម្បីគាំទ្រដល់កងកម្លាំងនគរបាល ដែលមានថវិកាមិនគ្រប់គ្រាន់ និងមានបុគ្គលិកតិច ដែលនឹងត្រូវដឹកនាំដោយប្រទេសកេនយ៉ា៕


