ប៉ូឡូញ៖ សារព័ត៌មាន BILD បានរាយការណ៍កាលពីថ្ងៃទី២៧ ខែកញ្ញាថា មេដឹកនាំបក្សប្រឆាំងប៉ូឡូញ និងជាអតីតនាយករដ្ឋមន្ត្រីលោក ដូណាល់ ថាស (Donald Tusk) បានអំពាវនាវឲ្យមានជំនួយផ្នែកយោធាឥតងាករេដល់អ៊ុយក្រែន មុនពេលការបោះឆ្នោតសភារបស់ប្រទេសប៉ូឡូញ នៅថ្ងៃទី១៥ ខែតុលា។
លោកថាស បាននិយាយថា៖«ជ័យជម្នះរបស់អ៊ុយក្រែន គឺស្ថិតនៅក្នុងផលប្រយោជន៍ជាតិរបស់ប៉ូឡូញយ៉ាងប្រាកដ» ។ «នេះនឹងប៉ះពាល់ដល់ទាំងបញ្ហាសេដ្ឋកិច្ច និងបញ្ហាជនភៀសខ្លួន។ រដ្ឋប៉ូឡូញ មិនគួរចាកចេញពីទីតាំងរបស់ខ្លួនទេ ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន មិនគួរត្រូវចោទជាបញ្ហាទេ។
ការគាំទ្ររបស់ប៉ូឡូញ ត្រូវបានពិភាក្សា នាពេលថ្មីៗនេះ នៅពេលដែលលោកថាសជាគូប្រជែង នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច លោក ម៉ាទៀវស៍ ម៉ូរ៉ាវីអែកគី (Mateusz Morawiecki) បាននិយាយកាលពីថ្ងៃទី២០ ខែកញ្ញាថា ប្រទេសប៉ូឡូញ ចាំបាច់ត្រូវផ្តោតលើការពង្រឹងគ្រឿងយុទ្ធោបករណ៍របស់ខ្លួន ហើយ នឹងមិនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនទៀតទេ។
ក្រោយមក ក្រុមមន្ត្រីបានបញ្ជាក់ថា ប្រទេសប៉ូឡូញ នឹងបំពេញតាមកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់អំពីការផ្តល់អាវុធ៕

