បាល់ទាត់៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអាមេរិកខាងត្បូង Copa America នៅពេលនេះរកប្រទេសជាម្ចាស់ផ្ទះរៀបចំឃើញហើយគឺប្រេស៊ីល បន្ទាប់ពីប្រទេសសហម្ចាស់ផ្ទះទាំងពីរ អាហ្សង់ទីន និងកូឡុំប៊ីដកខ្លួនបន្តបន្ទាប់គ្នា។

រយៈពេលតែ ២សប្ដាហ៍ទៀត Copa America នឹងឈានមកដល់ តែសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង CONMEBOL រកប្រទេសម្ចាស់ផ្ទះមិនឃើញ មុនពេលដែលប្រេស៊ីលត្រូវបានប្រកាសជាប្រទេសម្ចាស់ផ្ទះនៅថ្ងៃចន្ទម្សិលមិញ។ កាលពីខែមុនកូឡុំប៊ីមុនគេ ដែលបានប្រកាសដកខ្លួនមិនរៀបចំដោយសារបញ្ហា Covid-19 និងអស្ថិរភាពនយោបាយ មុនពេលដែលអាហ្សង់ទីនកាលពីថ្ងៃអាទិត្យមួយទៀត ក៏បានប្រកាសដកខ្លួនដែរដោយសារការឆ្លងរាលដាល Covid-19 នៅតែបន្ត និងការកើនឡើងនៃករណីឆ្លង។ កូឡុំប៊ីកាលពីថ្ងៃទី២០ បានប្រកាសដកខ្លួន បន្ទាប់ពីបាតុកម្មកើតមានឡើយពាសពេញប្រទេស ប្រឆាំងនឹងរដ្ឋាភិបាលតាំងពីខែមេសាជុំវិញកំណែប្រែច្បាប់ប្រមូលពន្ធអាករ។
កូឡុំប៊ីក៏កំពុងប្រឈមនឹងការឆ្លងរាលដាល Covid-19 ដែរដោយអត្រាអ្នកស្លាប់បានកើនឡើងដល់ជាង ៨ម៉ឺននាក់។ អាហ្សង់ទីនវិញកាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅបានឈានដល់ដំណាក់កាលបិទខ្ទប់ ៩ថ្ងៃបន្ទាប់ពីមានអត្រាអ្នកឆ្លងប្រចាំថ្ងៃដល់ទៅជាង ៣៥០០០នាក់។ ជាមួយគ្នានោះដែរ ប្រេស៊ីលដែលសុខចិត្តធ្វើម្ចាស់ផ្ទះ Copa America នៅពេលនេះក៏កំពុងប្រឈមនឹងបញ្ហាជាច្រើនដែរ ដោយរួមមានបាតុកម្មប្រឆាំងប្រធានាធិបតី Jair Bolsonaro មិនពេញចិត្តចំពោះចំណាត់ការលើបញ្ហាប្រយុទ្ធប្រឆាំង Covid-19 ខណៈអត្រាអ្នកស្លាប់បានកើនឡើងដល់ជាង ៤៥ម៉ឺននាក់ហើយ។ ប្រេស៊ីលគឺជាក្រុមការពារតំណែងជើងឯក Copa America នេះ ខណៈការប្រកួតឆ្នាំនេះនឹងចាប់ផ្ដើមនៅថ្ងៃទី១៣ ខែមិថុនានេះហើយ៕
អត្ថបទ៖នាង សុភាវុធ