ការប៉ះទង្គិចខាងការទូតដ៏ក្តៅគគុករវាងឥណ្ឌា និងកាណាដា កំពុងទាក់ទាញការពិនិត្យមើល និងជំរុញឱ្យមានការចាប់អារម្មណ៍កើនឡើងនៅកន្លែងផ្សេងទៀតក្នុងទ្វីបអាស៊ី ដោយទីភ្នាក់ងាររបស់រដ្ឋាភិបាលចិនបានសង្កត់ធ្ងន់លើបញ្ហានេះ។
ចាប់តាំងពីនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានប្រកាសពី «ការចោទប្រកាន់ដ៏គួរឱ្យទុកចិត្ត» ដែលភ្នាក់ងារឥណ្ឌាបានជាប់ពាក់ព័ន្ធក្នុងការបាញ់សម្លាប់មេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីក លោក Hardeep Singh Nijjar នៅខេត្តប្រ៊ីដធីស កូឡំប៊ី កាលពីខែមិថុនា ដោយឥណ្ឌាបានផ្តល់យោបល់ថា «មិនសមហេតុផល» មក បណ្ដាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានចុះផ្សាយគ្របដណ្តប់លើជម្លោះនេះយ៉ាងទូលំទូលាយ។

សារព័ត៌មាន ខាន់កៅ សាវស៊ី (Cankao Xiaoxi) ដែលទីភ្នាក់ងារមួយស្ថិតនៅក្រោមទីសារព័ត៌មានរដ្ឋ ស៊ីនហ័រ (Xinhua) របស់ចិន បានផ្តោតលើរបាយការណ៍ ដែលកាណាដាផ្អែកលើក្នុងការការចោទប្រកាន់របស់ខ្លួនមួយផ្នែក បានប៉ះពាល់ទំនាក់ទំនងជាមួយឥណ្ឌា។
របាយការណ៍សារព័ត៌មាន ស៊ីនហ័រ មួយផ្សេងទៀត បានគូសបញ្ជាក់ពីតួនាទីជាក់ស្តែងនៃកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់នៃទីភ្នាក់ងារ ភ្នែកទាំង៥ (Five Eyes) រវាងប្រទេសកាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី និងនូវែលសេឡង់ ដែលប្រទេសចិនបានចំអកកាលពីមុន។
ការអត្ថាធិប្បាយរបស់ចិនទាំងនេះ បានបង្ហាញពីការយល់ឃើញនៃភាពប្រេះឆានៅក្នុងសម្ព័ន្ធភាពលោកខាងលិច ដែលទីក្រុងប៉េកាំងជឿថា ត្រូវបានរៀបចំឡើងដើម្បីរារាំងការកើនឡើងនៃឥទ្ធិពលរបស់ខ្លួន។
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបង្ហាញពីការយកចិត្តទុកដាក់ដោះស្រាយបញ្ហារវាងកាណាដា និងឥណ្ឌានេះ ក្នុងគោលបំណងទាញប្រទេសលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពមួយនេះលោកឱ្យកាន់តែខិតជិតខ្លួន ខណៈភាគច្រើននៃកិច្ចខិតខំប្រឹងប្រែងចងសម្ព័ន្ធភាពនេះ លេចឡើងក្នុងគោលបំណងពិនិត្យមើលប្រទេសចិន ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយសម្រាប់ទាំងសហរដ្ឋអាមេរិក និងឥណ្ឌា។ នេះត្រូវបានគេមើលឃើញថា ជាហេតុផលចម្បងសម្រាប់ការឆ្លើយតបដែលគួរឱ្យកត់សម្គាល់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតចំពោះការចោទប្រកាន់របស់កាណាដា៕
