កងទ័ពបារាំងដែលដកខ្លួនចេញពីប្រទេសនីហ្សេ ត្រូវបានគេមើលឃើញថា ជាខ្សែការពារដ៏សំខាន់រយៈពេលប្រហែលមួយទសវត្សរ៍ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចប្រឆាំងនឹងអំពើហិង្សារបស់ក្រុមជីហាដ នៅក្នុងតំបន់សាហែល (Sahel)នៃទ្វីបអាហ្រ្វិក ដែលជាតំបន់ស្ងួតហួតហែងដ៏ធំ នៅភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ា។

ខណៈដែលសហរដ្ឋអាមេរិក បន្តជំរុញឲ្យមានដំណោះស្រាយការទូត ដើម្បីដោះស្រាយវិបត្តិនយោបាយនៅប្រទេសនីហ្សេ ក្រុមអ្នកវិភាគនិយាយថា របបយោធារបស់ប្រទេសនេះ អាចនឹងតស៊ូ ដើម្បីរក្សាសន្តិភាពជាក់ស្តែងរបស់ខ្លួន ដោយមិនមានការគាំទ្រពីខាងក្រៅ។
ប្រធានាធិបតីបារាំង លោកអេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានយល់ព្រមដកឯកអគ្គរដ្ឋទូត និងកងទ័ពរបស់ប្រទេសបារាំង ចេញពីប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារខែកក្កដា ដែលបានទម្លាក់ប្រធានាធិបតីជាប់ឆ្នោតរបស់ខ្លួន និងបង្កឲ្យមានទស្សនៈប្រឆាំងបារាំងនៅក្នុងអតីតអាណានិគម។ ជាការឆ្លើយតប របបយោធា បានស្វាគមន៍ចំពោះការបញ្ចប់នៃ«កងកម្លាំងចក្រពត្តិនិយម និងនិគមនិយម» ហើយបាននិយាយកាលពីថ្ងៃចន្ទថា ការដកទ័ពនេះ ត្រូវតែអនុវត្តតាម «ក្របខណ្ឌការងារដែលបានចរចា និងកិច្ចព្រមព្រៀងទៅវិញទៅមក»។
ក្រសួងការបរទេសបារាំង បាននិយាយថា បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលពីរខែជាមួយមេដឹកនាំរដ្ឋប្រហាររបស់នីហ្សេ ឯកអគ្គរដ្ឋទូតបារាំង Sylvain Itte ( ស៊ីលវ្យាំង អ៊ីតតេ) បានត្រឡប់មកទីក្រុងប៉ារីសវិញ កាលពីថ្ងៃពុធ។ នៅពេលត្រឡប់មកវិញ លោក Itte បានជួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង ដែលបានថ្លែងអំណរគុណដល់លោកនិងបុគ្គលិកស្ថានទូតផ្សេងទៀត ដែលបានបន្តធ្វើការ «ក្នុងស្ថានភាពដ៏លំបាកនោះ»។

