កីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic ដែលជាជើងឯកកម្មវិធី Rome Masters ៦ លើកនោះ បានទំលាក់រ៉ាកែតវាយកូនបាល់របស់ខ្លួនមួយឡែក ស្រវាមកចាប់ដងវាយកូនគោល បង្ហាញនៅក្នុងព្រឹត្តិការណ៍វាយកូនគោល Ryder Cup លើកទី ៤៤ តែជាការបង្ហាញដោយតារាចម្រុះ។
កីឡាករស៊ែបរូបនេះទើបឈ្នះជើងឯក Grand Slam លើកទី ២៤ ក្នុងអាជីពស្មើនឹងកំណត់ត្រារបស់អតីតកីឡាការិនី Margaret Court ក្រោយឈ្នះពាន US Open កាលពីដើមខែ។
Djokovic បានចូលរួមលេងកូនគោលជាមួយកីឡាករលេខ ១ ពិភពលោកផ្នែកពិការ Kipp Popert នៃក្រុម Ryder Cup អឺរ៉ុបដឹកនាំដោយ Colin Montgomerie រួមជាមួយនឹងវត្តមាន Gareth Bale ផងដែរ។
Djokovic បានចាប់ដៃគូជាមួយ Kipp Popert ប្រកួតជាមួយកីឡាករ F1 អេស្ប៉ាញ Carlos Sainz ដែលទើបឈ្នះការប្រកួតនៅសិង្ហបុរី រួមជាមួយនឹងកីឡាករវាយកូនគោលអ៊ីតាលី Tommaso Perrino ដោយជ័យជំនះបានទៅក្រុម Djokovic ៣-១។
ព្រឹត្តិការណ៍វាយកូនគោល Ryder Cup នឹងចាប់ផ្តើមនៅថ្ងៃសុក្រស្អែកនេះដែលជាព្រឹត្តិការណ៍ទី ៤៤ រវាងក្រុមអាមេរិក និងអឺរ៉ុប នៅលើទឹកដីទីក្រុងរ៉ូមប្រទេសអ៊ីតាលី៕ អត្ថបទ៖នាង សុភាវុធ

