ក្រុមបាល់ទាត់ឈើតុំ-ខេត្តពោធ៍សាត់ បានបញ្ចប់ក្ដីសង្ឃឹមរបស់ក្រុមយុវជនខេត្តបាត់ដំបងហើយ បន្ទាប់ពីវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តឧត្តរមានជ័យ ដោយលទ្ធផល ៥-១ ក្នុងជំនួបបញ្ចប់ពូលC កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣/២៤ ។

ជំនួបដ៏សំខាន់នេះ កីឡាករ ឈាវ ជិនឈាន បានរកគ្រាប់បាល់ជួយឲ្យខេត្តឧត្ដរមានជ័យ នាំមុខគូប្រកួត ១គ្រាប់មុន នៅវគ្គទី១ ប៉ុន្ដែចូលវគ្គទី២ ក្រុមភ្ញៀវឈើតុំ-ខេត្តពោធ៍សាត់ ក៏វាយបករកបាន ៥គ្រាប់ជាបន្ដបន្ទាប់វិញ ដោយកីឡាករ ប៉ាក់ វិសាល ២គ្រាប់ ព្រមទាំងមិត្តរួមក្រុមកីឡាករ ហ៊ន លីហេង, សេន យ៉ារី និង ម៉ាត់ អូម៉ីត ម្នាក់ ១គ្រាប់ ដើម្បីធានា ៣ពិន្ទុបន្ថែមតែម្ដង ។

ជ័យជម្នះនេះ នាំឲ្យក្រុមឈើតុំ-ខេត្តពោធ៍សាត់ ឡើងទៅឈរលេខ២ ក្នុងពូលC ដោយមាន ១៥ពិន្ទុ ស្មើក្រុមកំពូលតារាងខេត្ដបន្ទាយមានជ័យ ហើយក្រុមទាំងពីរ បានដឹកដៃគ្នាឡើងវគ្គ ៨ក្រុមចុងក្រោយ ស្របពេលក្រុមយុវជនខេត្តបាត់ដំបង ដែលរកបាន ១៤ពិន្ទុ បានត្រឹមសោកស្ដាយ ដោយធ្លាក់មកឈរលេខ៣ វិញ ពុំទទួលបានឡើងវគ្គបន្ដនោះឡើយ ។

ដោយឡែកការប្រកួតបង្គ្រប់កិច្ច ២ប្រកួតទៀត រួមមានខេត្តស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តកណ្ដាល ៨-២ មុនអស់ភារកិច្ច ដោយឈរចំណាត់ថ្នាក់លេខ៣ ក្នុងពូលB ។ រីឯក្រុមកំពូលតារាងពូលD គឺក្រុមបាល់ទាត់សន្ដិភាព-ខេត្តកំពង់ធំ បានយកឈ្នះក្រុមភ្ញៀវសមាគមកីឡាខេត្តមណ្ឌលគិរី ដោយលទ្ធផល ៤-០ មុនបន្ដដំណើរទៅវគ្គបន្ដ ។

គួរដឹងថា មកទល់ពេលនេះ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយហើយ រួមមានពូលA គឺមានក្រុមភ្នំពេញហ្គាឡាក់ស៊ី និងខេត្តព្រះសីហនុ ។ ពូលB មានខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ។ ពូលC មានខេត្តបន្ទាយមានជ័យ និងក្រុមឈើតុំ-ខេត្ដពោធិ៍សាត់ និងពូលD មានក្រុមសន្ដិភាព-ខេត្តកំពង់ធំ ខណៈខេត្តសៀមរាប ត្រូវចាំការប្រកួតរបស់រតនៈគិរី និងខេត្តកំពង់ធំថ្ងៃទី២៩ ខែកញ្ញានេះ បើរតនៈគិរីឈ្នះរឺស្មើសៀមរាបធ្លាក់ ផ្ទុយទៅវិញបើរតនៈគិរីចាញ់ សៀមរាបឡើង៕ អត្ថបទ លី ឈុនឡា
