ឧត្ដរមានជ័យ ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ បានត្រៀមទីតាំងវិទ្យាល័យតេជោសែនសំរោង សម្រាប់ធ្វើជាកន្លែងព្យាបាល ជំងឺកូវីដ-១៩ លើពលករឆ្លងដែនមកពីថៃ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា ទីតាំងវិឡាល័យតេជោសែន សំរោង ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសំរោង កំពុងត្រូវបានរៀបចំធ្វើជាទីតាំងព្យាបាលអ្នកវិជ្ជមានជំងឺកូវីដ-១៩ លើពលករខ្មែរ ដែលធ្វើដំណើរឆ្លងដែនមកពីប្រទេសថៃ ដែលជាទីតាំងចត្តាឡីស័ក កម្រិត១ និងកម្រិត២។
ឯកឧត្តម បានឲ្យដឹងថា ការត្រៀមទីតាំងថ្មីបន្ថែមទៀត សម្រាប់ដាក់អ្នកជំងឺកូវីដ-១៩នេះ ដោយ សារបច្ចុប្បន្ន មានកំណើនពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃ ពីមួយថ្ងៃទៅមួយថ្ងៃ និងត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់។ ដូច្នេះ ដើម្បីបង្ការទុកជាមុននោះ អាជ្ញាធរខេត្ត ត្រូវតែធ្វើការបែងចែកទីតាំងកន្លែងព្យាបាល ដោយដាក់ដាច់ដោយឡែកពីគ្នា រវាងអ្នកមានវិជ្ជមានកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័ក ការធ្វើបែប គឺអាចរក្សាសុខភាពរបស់ពលករទាំងអស់នេះបានយ៉ាងល្អប្រសើរ។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ មិថុនា ពលករឆ្លងដែនមកពីប្រទេសថៃ មានវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៥២នាក់ ក្នុងនោះ២នាក់ ពាក់ព័ន្ធករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងបានជាសះស្បើយចំនួន១៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ ចំនួន៣៨នាក់ រីឯអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួន២៧០នាក់ជាងផងដែរ៕
អត្ថបទ៖ ឃិន សារិទ្ធ




