ប្រទេសរុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធថា បានលើកកម្ពស់ការធ្វើប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែលជាមួយបណ្តាប្រទេសអារ៉ាប់ និងគេចចេញពីគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ ដែលបានចាប់ផ្តើមដោយអារ៉ាប៊ីសាអ៊ូឌីតក្នុងឆ្នាំ ២០០២ ដែលអំពាវនាវឲ្យមានការដោះស្រាយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន មុនពេលមានការទទួលស្គាល់ការទូតណាមួយរបស់អ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក វ៉ាស៊ីលី ណេបេនហ្សៀ (Vassily Nebenzia) នៅឯកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខUN ស្តីពីមជ្ឈិមបូព៌ា ក៏បានរិះគន់អារ៉ាប៊ីសាអ៊ូឌីត ដោយមិនបញ្ចេញឈ្មោះចំពោះការបន្តការបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ខណៈពេលដែលកំពុងចាត់វិធានការ «ឈ្លានពានខុសច្បាប់» រួមទាំងការពង្រីក«មិនធ្លាប់មានពីមុនមកនៃការតាំងទីលំនៅ នៅលើទឹកដីដែលសន្មតថា ជាផ្នែកមួយនៃរដ្ឋប៉ាឡេស្ទីនឯករាជ្យ។
លោក ណេបេនហ្សៀ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការធ្វើប្រក្រតីភាព ទំនាក់ទំនងអារ៉ាប់-អ៊ីស្រាអែល នៅពេលដែលក្របខ័ណ្ឌច្បាប់អន្តរជាតិ «ជាក់ស្តែង» សម្រាប់ដំណោះស្រាយសន្តិភាពអ៊ីស្រាអែល និងប៉ាឡេស្ទីន កំពុងត្រូវបានបំផ្លាញ មិនត្រឹមតែជៀសផុតពី«ភាពសមហេតុផលនៃគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យមានផលប៉ះពាល់ដល់ «ក្តីសង្ឃឹម ចំពោះ ការស្តារឡើងវិញនូវការចរចាដោយផ្ទាល់រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល» ដើម្បីសម្រេចបានសន្តិភាព និងដំណោះស្រាយរដ្ឋពីរ ដែលបានស្វះស្វែងរកជាយូរមកហើយចំពោះជម្លោះ ដែលមានអាយុកាលរាប់ទសវត្សរ៍របស់ពួកគេ។

